ព័ត៌មានជាតិ

ក្រុមអេឡិចត្រូនិកកម្ពុជាដណ្តើមបានលេខ៣ ក្នុងព្រឹត្តិការណ៍អាស៊ី នៅប្រទេស​អារ៉ាប៊ីសាអ៊ូឌីត

BY
Khmernote Media
July 14, 2023

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជាលើវិញ្ញាសា Mobile Legend Bang Bang ទទួល​បានចំណាត់ថ្នាក់លេខ៣ កាលពីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍កីឡា​អេឡិចត្រូនិកអាស៊ី (IESF Gamers8 Asian Championship) ឆ្នាំ២០២៣ នៅប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

លោក ជាន ចាន់រ៉ា អគ្គលេខាធិការរង សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដែល​ដឹក​នាំ​ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជាចូលរួមប្រកួតនៅទីនោះបានបញ្ជាក់មកថា ការ​​ប្រកួតដែលធ្វើនៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចាប់ពីថ្ងៃទី០៨ ដល់ទី១៤ ខែ​កក្កដានេះ មានក្រុមជម្រើសជាតិចំនួន៨ចូលរួមប្រកួតសម្រាប់វិញ្ញាសា MLBB នេះ។ ចំពោះ​ក្រុមអ្នកចម្បាំងអង្គរប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូលA បានឈ្នះជម្រើសជាតិអារ៉ាប់រួម ដោយ​លទ្ធផល ២-០ ហើយការប្រកួតទី២បានចាញ់ម៉ុងហ្គោលី ០-២ ប៉ុន្តែប្រកួតទី៣​បាន​យក​ឈ្នះជម្រើសជាតិនេប៉ាល់ ២-០ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ២ នៅក្នុងពូល A។

នៅវគ្គខ្វែង Upper Bracket ក្រុមជម្រើសជាតិកម្ពុជាបានចាញ់ដោយលទ្ធផល ០-២ ក្រោមស្នាក់ដៃជម្រើសជាតិ ហ្វីលីពីន។ បន្ទាប់មក ជម្រើសជាតិកម្ពុជាបានប្រកួតឈ្នះ​កាហ្សាក់​ស្ថាននៅវគ្គ Lower Bracket ដោយលទ្ធផល ២-០ ដើម្បីបានឡើងទៅកាន់​វគ្គពាក់​កណ្តាលផ្តាច់ព្រ័ត្រ ដែលវគ្គនេះ ក្រុមកម្ពុជាបានចាញ់ម៉ុងហ្គោលី ១-២ ដើម្បីទទួលបាន​ចំណាត់ថ្នាក់លេខ៣ដោយទទួលបានប្រាក់រង្វាន់២ពាន់ដុល្លារអាម៉េរិក។

ចំណែក ហ្វីលីពីនបានក្លាយជាជើងឯកដោយទទួលបានប្រាក់រង្វាន់៧ពាន់​ដុល្លារ​អាម៉េរិក បន្ទាប់ពីបានយកឈ្នះដោយលទ្ធផល ៣-០ លើម៉ុងហ្គោលី ដែលទទួលបាន​ចំណាត់​ថ្នាក់លេខ២ ដែលទទួលបានប្រាក់រង្វាន់ ៣,៥ពាន់ដុល្លារអាម៉េរិក។ សម្រាប់ព្រឹត្តិ​ការណ៍ប្រកួត IESF Gamers8 Asian Championship ឆ្នាំ២០២៣នេះគឺជាផ្នែកមួយនៃវគ្គជម្រុះ​ជម្រើសជាតិប្រចាំតំបន់អាស៊ីដើម្បីជ្រើសរើសយក៥ក្រុមទៅព្រឹត្តិការណ៍ប្រកួតពិភពលោកលើកទី១៥ (15th WE Championship) នៅប្រទេសរ៉ូម៉ានី នាចុងខែសីហាខាងមុខ។

ក្រុមជម្រើសជាតិកម្ពុជាបានកក់កៅអីទៅប្រកួត 15th WE Championship ដែល​ស្ថិត​ក្នុងចំណោមក្រុម៥ រួមមានដូចជា ហ្វីលីពីន ម៉ុងហ្គោលី កាហ្សាក់ស្ថាន និង​ក្រុម​ម្ចាស់​ផ្ទះអារ៉ាប៊ីសាអ៊ូឌីត (លេខ៣ល្អបំផុតនៅវគ្គសន្សំពិន្ទុក្នុងពូល)។

សូមបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ជូនកីឡាករ៥រូប និង​គ្រូ​បង្វឹក១រូប ដែលដឹកនាំដោយលោក ជាន ចាន់រ៉ា អគ្គលេខាធិការរង​សហព័ន្ធដើម្បី​ចូល​រួម​ប្រកួត IESF Gamers8 Asian Championship កាលពីថ្ងៃទី០៨ ដល់ទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នៅចុងខែសីហាខាងមុខ ក្រុម​ជម្រើសជាតិកម្ពុជាអ្នកចម្បាំងអង្គរនឹងធ្វើដំណើរទៅប្រទេសរ៉ូម៉ានីដើម្បីចូលរួមប្រកួតព្រឹត្តិការ​ណ៍ពិភពលោកលើកទី១៥៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: