ការប្រកួតតេក្វាន់ដូ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ២០២៣ បានដំណើរការប្រកួតហើយ នាថ្ងៃនេះ
- July 14, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ បានបើកដំណើរការប្រកួតរបស់ខ្លួនហើយ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ ដោយមានក្លឹបចូលរួមប្រកួតចំនួន១៦ក្លឹប ប្រកួតលើវិញ្ញាសា២៣។

ឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បានបញ្ជាក់ថា ដើម្បីបន្តដំណើរការអភិវឌ្ឍកីឡាតេក្វាន់ដូ ITF កម្ពុជា ឲ្យកាន់តែរីកចម្រើន ក៏ដូចជាស្វែងរកធនធាន ប្រចាំឆ្នាំនេះ គឺសហព័ន្ធ បានដាក់ ២៣វិញ្ញាសា ដាក់ឲ្យកីឡាករ កីឡាការិនី មកពីបណ្តាក្លិបនានាទូទាំងប្រទេស បានចូលរួមប្រកួតប្រជែងមេដាយ។ ហើយ២៣វិញ្ញាសានេះ ត្រូវបានចែកជា៣ផ្នែកធំៗ គឺវិញ្ញាសា មេគុនមាន៧ប្រភេទ ក្នុងនោះមាន វិញ្ញាសាខ្សែក្រវាត់ ក្រោមខ្មៅ បុរស-នារី សម្រាប់ក្លិប, ខ្សែក្រវាត់ខ្មៅ១ជាន់ បុរស-នារី (ក្លិប), ខ្សែក្រវាត់ខ្មៅ១ជាន់ បុរស-នារី សម្រាប់ជម្រើសជាតិ និងវិញ្ញាសា ខ្សែក្រវាត់ខ្មៅ២ជាន់ បុរស សម្រាប់ជម្រើសជាតិ។ ចំពោះវិញ្ញាសា បច្ចេកទេស ពិសេសមាន ១ប្រភេទ គឺឯកត្តជនបុរស ខណៈវិញ្ញាសាប្រយុទ្ធឯកត្តជន មានចំនួន១៥ប្រភេទ ក្នុងនោះមានផ្នែកនារី មាន៥វិញ្ញាសា ក្រោមទម្ងន់ ៤០គីឡូក្រាម ដល់ក្រោម ៦០គីឡូក្រាម។ សម្រាប់ប្រយុទ្ធ បុរសមាន៧វិញ្ញាសា ទម្ងន់ក្រោម៤៥គីឡូក្រាម ដល់ទម្ងន់ក្រោម ៧៥គីឡូក្រាម ខណៈ៣វិញ្ញាសា៣ទៀត គឺប្រយុទ្ធសេរីសម្រាប់ជម្រើសជាតិ។
ឯកឧត្តម អគ្គលេខាធិការ បានបន្តទៀតថា ការប្រកួតតេក្វាន់ដូ ITF មានក្លឹបចូលរួមប្រកួតចំនួន១៦ក្លឹប រួមមាន ក្លឹបខេត្តកោះកុង វិទ្យាល័យហ៊ុនសែនតាខ្មៅ ថ្មស សេរីភាព មិត្តភាព ក្រសួងសេដ្ឋកិច្ច ក្តីចាស់ វិទ្យាល័យពងទឹក វិរភាពកីឡា សាលាអន្តរជាតិ អេបផល ខេត្តត្បូងឃ្មុំ ក្រសួងមហាផ្ទៃ ជម្ពូវ័នសែនជ័យ ពន្លឺយុវជនកំពង់ស្ពឺ ស.ស.យ.ក កំពង់ស្ពឺ និងក្លឹបវិទ្យាល័យ ប៊ុនរានី ហ៊ុនសែនកោះដាច់ ដោយមានកីឡាករ កីឡាការិនី ១១៨នាក់។
សូមបញ្ចាក់ថា ការប្រកួតតេក្វាន់ដូ ITF ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ មានរយៈ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ៕





ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក
- Share This Post:






