ប្រទេសអ៊ីតាលីបានទាញអាសន្នពណ៌ក្រហមសម្រាប់ទីក្រុងជាច្រើន ខណៈរលកកម្ដៅបន្តវាយប្រហារតំបន់អឺរ៉ុប
- BY
- autoadmin
- July 15, 2023
អ៊ីតាលីប្រកាសអាសន្នពណ៌ក្រហមសម្រាប់ទីក្រុងចំនួន ១៦ នៅទូទាំងប្រទេស ខណៈកម្ដៅក្ដៅខ្លាំងបន្តប៉ះពាល់ដល់តំបន់ជាច្រើននៅអឺរ៉ុបខាងត្បូង។ សញ្ញាអាសន្ន ដែលនឹងប៉ះពាល់សូម្បីតែចំពោះមនុស្សមានសុខភាពល្អ ត្រូវបានអនុវត្តចំពោះតំបន់ទេសចរណ៍នានា រួមមានទីក្រុងរ៉ូម ហ្វ្ល័ររីន និងបូឡូណា សម្រាប់ថ្ងៃខាងមុខ។ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បាននិយាយថា ប្រទេសអ៊ីតាលី អេស្បាញ បារាំង អាល្លឺម៉ង់ និងប៉ូឡូញ អាចនឹងឃើញសីតុណ្ហភាពកាន់តែធ្ងន់ធ្ងរ នៅពេលដែលរលកកម្ដៅមួយផ្សេងទៀតនឹងខិតជិតមកដល់។

កម្ដៅក្ដៅខ្លាំងកើតឡើងតាមលំនាំអាកាសធាតុធម្មជាតិ ប៉ុន្តែនៅទូទាំងពិភពលោក ពួកវាកាន់តែមានញឹកញាប់ កាន់តែខ្លាំង និងកាន់មានរយៈពេលយូរជាងមុន ដោយសារការឡើងកម្ដៅផែនដី។ រដ្ឋាភិបាលអ៊ីតាលីបានណែនាំអ្នកនៅក្នុងតំបន់ពណ៌ក្រហម នៅថ្ងៃសៅរ៍នេះ ត្រូវជៀសវាងពន្លឺព្រះអាទិត្យដោយផ្ទាល់ នៅចន្លោះម៉ោង ១១:០០ ដល់ ១៨:០០ ហើយត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះមនុស្សចាស់ ឬដែលងាយរងគ្រោះ។
ទន្ទឹមនឹងនេះ ប្រទេសក្រិចក៏បានឈានដល់សីតុណ្ហភាព ៤០ អង្សា ឬច្រើនជាងនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ តំបន់ Acropolis ដែលជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ប្រទេស ក៏ត្រូវបានបិទក្នុងអំឡុងពេលម៉ោងក្តៅបំផុតនៅថ្ងៃសុក្រ ដើម្បីការពារភ្ញៀវទេសចរ។ សីតុណ្ហភាពខ្ពស់ក៏បាននិងកំពុងឈានដល់ផ្នែកកណ្តាលនៃទ្វីបអឺរ៉ុប ដោយមានប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ ស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ជាងគេ។
ចំណែកការិយាល័យឧតុនិយមនៃសាធារណរដ្ឋឆេកបានចេញការព្រមានថា សីតុណ្ហភាពនៅចុងសប្តាហ៍អាចឡើងលើសពី ៣៨ អង្សា ដែលជាកម្រិតខ្ពស់ខ្លាំងសម្រាប់ប្រទេសនេះ។ យ៉ាងណាមិញ នៅចក្រភពអង់គ្លេស ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ត្រូវបានគេរំពឹងទុកនៅផ្នែកខ្លះនៃប្រទេសអង់គ្លេសនៅថ្ងៃសៅរ៍៕



អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






