អ្នកជំនាញនិយាយថា ក្រុមវិទ្យាសាស្រ្តប្រទេសចិនដែលកែហ្សែនឱ្យកូនភ្លោះស្រី ប្រហែលជាបង្កើនមុខងារខួរក្បាលឱ្យពួកគេផងដែរ
កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ យើងធ្លាប់បានដឹងនូវពត៌មានមួយដែលថា វេជ្ជបណ្ឌិតលោក He Jiankui និងក្រុមស្រាវជ្រាវរបស់គាត់មួយក្រុមមកពីប្រទេសចិនបានធ្វើការ ពិសោធន៍ និងកែហ្សែន ដោយវិធីសាស្ត្រ CRISPR ដើម្បីឱ្យកូនភ្លោះមួយគូដែលមានឈ្មោះថា Nana និង Lulu រួចផុតពីការឆ្លងមេរោគអេដស៍តពីឪពុករបស់ពួកគេ។
យ៉ាងណាមិញការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងគេហទំព័រ Cell បានរកឃើញថា ការបង្ក្រាបទៅលើ CCR5 ក៏មានឥទ្ធិពលលើការចងចាំ និងមុខងារនៃការយល់ដឹងរបស់មនុស្សផងដែរ។ ដោយសាកលវិទ្យាល័យកាលីហ្វញ៉ានៃទីក្រុងឡូសអាន់ជឺឡេស (UCLA) បានឱ្យដឹងថា កុមារីទាំង ២ Lulu និង Nana មិនត្រឹមតែបានកើតមកដោយសារការកែហ្សែនឱ្យជៀសផុតពីជំងឺអេដស៍នោះទេ គឺការកែហ្សែននេះនឹងជួយការពារ បង្កើនប្រាជ្ញា និងបង្កើនការបំពេញមុខងារក្នុងការគិតរបស់ពួកគេផងដែរ។
ការរកឃើញនេះពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកស្រាវជ្រាវ ថ្វីបើលោកវេជ្ជបណ្ឌិត He Jiankui បាននិយាយថា គោលបំណងរបស់ពួកគាត់គឺគ្រាន់តែចង់ឱ្យកុមារីភ្លោះទាំងពីរជៀសឆ្ងាយពីជំងឺអេដស៍។ យ៉ាងណាក៏ដោយក្រុមស្រាវជ្រាវរបស់ UCLA ក៏សម្តែងការព្រួយបារម្ភផងដែរថា ការដែលមនុស្សកើតមកដោយការផ្លាស់ប្តូរពីអ្វីដែលជាធម្មជាតិរបស់វាគឺពិតជាមានហានិភ័យខ្លាំងណាស់។
ទៅថ្ងៃអនាគតកុមារីទាំង២ និងមានការពិបាកដោយសារពួកគេមិនអាចភ្លេចនូវរឿងចាស់ៗ ដែលមិនសំខាន់ ហើយពួកគេនឹងមានការគិតច្រើនជាងមនុស្សធម្មតា។ ខួរក្បាលរបស់យើងគឺត្រូវការជាចាំបាច់ក្នុងការបំភ្លេចរឿងមួយចំនួនដែលឥតប្រយោជន៍ជាធម្មតា ហើយយើងក៏មិនដឹងដែរថា ការពិសោធន៍របស់ពួកយើងជាការបង្កាអ្វីមួយ ឬក៏ជាប្រភពនៃបញ្ហាបន្ថែម?៕
អត្ថបទ៖ លីដា