ឯកឧត្តម ម៉ៅ ធនិន បញ្ជាឱ្យប្រធានភាស៊ីផ្សារ និងអាជ្ញាធរក្រុងកំពត ត្រូវស្ដារលូឱ្យទាន់នៅល្ងាចនេះ ធ្វើយ៉ាងណាកុំឱ្យជំនន់ទឹកភ្លៀងលិចផ្សារសាមគ្គីតទៀត
- July 17, 2023
ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ភ្លៀងធ្លាក់ជោកជាំមួយមេធំ បណ្ដាលឱ្យលិចផ្សារសាមគ្គី ក្នុងខេត្តកំពត ដោយមានការព្រួយបារម្ភ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានចុះត្រួតពិនិត្យស្ថានភាពទឹកលិចផ្សារ និងផ្តាំផ្ញើឱ្យប្រធានភាស៊ីផ្សារ និងអាជ្ញាធរក្រុងកំពត ត្រូវធ្វើយ៉ាងកុំឱ្យជំនន់ទឹកភ្លៀងលិចផ្សារនេះតទៅទៀត ហើយត្រូវតែស្ដារលូឱ្យទាន់នៅល្ងាចនេះ។

យោងតាមការបង្ហោះវីដេអូពីគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «បេះដូងកំពត» បានបង្ហាញពីសកម្មភាពរបស់ឯកឧត្តម ម៉ៅ ធនិន ចុះពិនិត្យមើលស្ថានភាព ក៏ឃើញថា មានបងប្អូនអាជីវករ និងអ្នកដើរផ្សារជាច្រើនសប្បាយចិត្ត រំភើបក្រោយបានឃើញវត្តមានដ៏កក់ក្ដៅរបស់ ឯកឧត្តម ចុះមកពិនិត្យដោយផ្ទាល់។ តាមរយៈសកម្មភាពក្នុងវីដេអូនោះផងដែរ បងប្អូនអាជីវករ បាននិយាយរៀបរាប់ពីទុក្ខលំបាករបស់ខ្លួន ខណៈភ្លៀងធ្លាក់ខ្លាំងម្ដងៗ ធ្វើឱ្យទឹកលិចផ្សារ ដែលពិបាកក្នុងការធ្វើដំណើរ និងលក់ដូរ ដោយសារតែលូហូរជំនន់ទឹកភ្លៀងនេះមិនទាន់។
បន្ទាប់ពីបានមើលឃើញស្ថានភាពបែបនេះ ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាដាច់ណាត់ឱ្យប្រធានភាស៊ីផ្សារ និងអាជ្ញាធរក្រុងកំពត ដាក់លូឱ្យទាន់ពេលកុំឱ្យទឹកលិចផ្សារទៀត និងធ្វើយ៉ាងណានៅល្ងាចនេះ ឱ្យកម្លាំងចុះមកស្ដារលូ ព្រោះរដូវនេះគឺជារដូវភ្លៀង ប្រសិនខ្វះខាតលុយកាក់ឯកឧត្តម និងចេញឱ្យ។
ឯកឧត្តម ម៉ៅ ធនិន បញ្ជាក់ទៅអាជ្ញាធរក្រុងកំពត ដោយទុកឱកាសជាលើកចុងក្រោយសម្រាប់អ្នកវិយោគនៅក្នុងផ្សារសាមគ្គីនេះ បើមិនយកចិត្តទុកដាក់ យកសុខទុក្ខអាជីវករក្នុងផ្សារជាសុខទុក្ខរបស់ខ្លួនទេ មិនគោរពទៅតាមគោលការណ៍សៀវភៅ និងគោរពគោលការណ៍ច្បាប់ ឯកឧត្តម នឹងលុបអ្នកវិយោគនៅក្នុងផ្សារនេះ ក្រវាត់ចោលតែម្ដង៕ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ បេះដូងកំពត
- Share This Post:






