លោក Elon Musk បាននិយាយថា Twitter បានខាតលុយជិត ៥០% ពីការផ្សាយពាណិជ្ជកម្ម
- BY
- autoadmin
- July 17, 2023
កំពូលសហគ្រិនអាមេរិក លោក Elon Musk បាននិយាយថា Twitter នៅតែខាតបង់ប្រាក់ ដោយសារការធ្លាក់ចុះនៃប្រាក់ចំណូលដែលបានមកពីការផ្សាយពាណិជ្ជកម្ម។ អ្នកផ្សាយពាណិជ្ជកម្មធំៗបានចាកចេញពី Twitter ចាប់តាំងពីលោក Musk បានកាន់កាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ កាលពីក្នុងខែតុលា។ កាលពីថ្ងៃសៅរ៍ គាត់បានបង្ហោះសារថា វេទិកានេះនៅតែមានលំហូរសាច់ប្រាក់អវិជ្ជមាន ដោយសារតែការធ្លាក់ចុះរហូតដល់ ៥០% នៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម បូករួមទាំងបន្ទុកបំណុលដ៏ច្រើនផងដែរ។ គាត់បានសរសេរថា ក្រុមហ៊ុននេះត្រូវតែមានលំហូរសាច់ប្រាក់វិជ្ជមានមកវិញ។

កាលពីខែឧសភា លោក Musk បានជួលអតីតប្រធានផ្នែកផ្សាយពាណិជ្ជកម្មរបស់ NBCUniversal មកធ្វើជា CEO ថ្មីរបស់ Twitter ប៉ុន្តែការផ្លាស់ប្តូរនេះទំនងជាមិនទាន់មានលទ្ធផលនៅឡើយទេ។ ទន្ទឹមនឹងនេះដែរ Twitter បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកបង្កើតមាតិកាដែលមានអ្នកតាមដានច្រើន នឹងមានសិទ្ធិទទួលបានចំណែកពីការផ្សាយពាណិជ្ជកម្មរបស់ខ្លួន នៅក្នុងការផ្លាស់ប្តូរថ្មីដើម្បីទទួលបានអ្នកបង្កើតមាតិកាបន្ថែមទៀត។ នេះវាកើតឡើងនៅពេលដែលកម្មវិធី Threads របស់ក្រុមហ៊ុន Meta ដែលជាគូប្រជែងថ្មីរបស់ Twitter កំពុងទទួលបានសន្ទុះនៃការប្រើប្រាស់យ៉ាងឆាប់រហ័ស៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






