ព័ត៌មានជាតិ

ក្លិបក្រសួងសេដ្ឋកិច្ច ឈរនៅចំណាត់ថ្នាក់លេខ១ ដណ្តើមមេដាយមាសច្រើនជាងគេ ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកថ្នាក់ជាតិ២០២៣

BY
Khmernote Media
July 17, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ក្លិបកីឡាតេក្វាន់ដូ ITF ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឈរចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ នៅក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ដែលបានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ។

ឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បញ្ជាក់ថា ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដណ្តើមបានចំណាត់ថ្នាក់លេខ១នេះ គឺទទួលបានមេដាយសរុប១១គ្រឿង ក្នុងនោះមេដាយមាស ៦ ប្រាក់២ និងសំរឹទ្ធ៣, លេខ២ ក្លិបក្រសួងមហាផ្ទៃ មេដាយសរុប ១៥គ្រឿង ក្នុងនោះមាស ៥ ប្រាក់៦ និងសំរឹទ្ធ ៤ ខណៈលេខ៣ ក្លិបពន្លឺយុវជនខេត្តកំពង់ស្ពឺ មេដាយ១១គ្រឿង ដោយមេដាយមាស ៤ ប្រាក់ ៣ និងសំរឹទ្ធ៤ ។ ចំពោះ១៣ក្លិបផ្សេងទៀត ដណ្តើមមេដាយ និងឈរនៅលេខរៀងបន្តបន្តាប់ លើកលែងតែក្លិបខេត្តត្បូងឃ្មុំមួយប៉ុណ្ណោះដែលមិនទទួលបានមេដាយសោះ។

តាមរយៈការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំនេះ ឯកឧត្តមអគ្គលេខាធិការបានបង្ហាញពីចំណុចខ្លាំងដោយចៅក្រម អាជ្ញាកណ្ដាលបានបំពេញការងារទទួលខុសត្រូវខ្ពស់មានតម្លាភាព និងសុក្រិត្យភាពអាចទទួលយកបាន ស្របពេលដែលកីឡាករ កីឡាការិនីមានកម្រិតបច្ចេកទេសរីកចម្រើនទាំងមេគុន និងប្រយុទ្ធ។ ឆ្លងតាមការប្រកួតកីឡាករ កីឡាការិនី ខិតខំប្រឹងប្រែងប្រកួតដោយឈរលើស្មារតីកីឡា និងអនុវត្តបទ បញ្ហាការប្រកួត ច្បាប់ល្បែងបានត្រឹមត្រូវនិងមានក្រមសីលធម៌ ។ សមាគម ក្លិបដែលចូលរួមមានការសហការល្អជាមួយគណៈកម្មការរៀបចំការប្រកួត–មានសម្ភារប្រកួតគ្រប់គ្រាន់ ហើយថ្មីៗដែលមិនបង្កឲ្យមានការរំខានដល់ការប្រកួត។

ចំពោះចំណុចខ្សោយ អគ្គលេខាធិការដដែលសង្កត់ធ្ងន់ថា ឧបករណ៍បច្ចេកទេសមិនទាន់ឆ្លើយតបទៅតាមបទដ្ឋានបច្ចេកទេសហើយ(ឧបករណ៍អេឡិចត្រូនិច) ជាក់ស្តែងសម្រាប់ឆ្នាំនេះឧបករណ៍អេឡិចត្រូនិចជួបបញ្ហាកម្មវិធីដែលធ្វើឲ្យគណៈកម្មការរៀបចំការប្រកួតសម្រេចប្រើរៀបកាត់សេចក្ដីតាមវិធីសាស្ត្រចាស់។ សម្ភារប្រកួតរបស់កីឡាករ កីឡាការិនី ដែលមកប្រកួតត្រូវពឹងផ្អែកទាំងស្រុងលើសហព័ន្ធមិនមានគ្រូពេទ្យមកជាមួយសមាគម-ក្លិបដែលបានដាក់បានមកចូលរួមការប្រកួត ពេទ្យដែលសហព័ន្ធបានត្រៀមសម្រាប់ការប្រកួតមានចំនួនកំណត់។

ក្រោយពីបញ្ចប់ការប្រកួតនេះ គណៈកម្មការបច្ចេកទេសសម្រិតសម្រាំងបានបានកីឡាករ កីឡាការិនី ដែលមានបច្ចេកទេសខ្ពស់ មានទេពកោសល្យ និងមានសមត្ថភាព មានស្មារតីអង់អាចក្លាហាន ដែលអាចទៅចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ ពិសេសការត្រៀមចូលរួមប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោកដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសកាហ្សាស្ថាន។

ក្រោយបញ្ចប់ព្រឹត្តិការណ៍ ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាមានប្រសាសន៍ថា នៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មានកីឡាករ កីឡាការិនីនៅក្លិបមួយចំនួនមានភាពលេចធ្លោខ្លាំង ដោយអាចស្នងកីឡាករ កីឡាការិនីឆ្នើមៗមុនៗបាន ដែលក្នុងនោះ មានដូចជាក្លិបកំពង់ស្ពឺ កោះកុង និងក្លិបក្តីចាស់ជាដើម៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

Share This Post: