គ.ជ.ប ចាប់ផ្តើមដឹកជញ្ជូនសន្លឹកឆ្នោត និងសម្ភារៈបម្រើការបោះឆ្នោតទៅតាមមណ្ឌលនីមួយៗ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានធ្វើការដឹកជញ្ជូនសន្លឹកឆ្នោត និងសម្ភារៈបម្រើការបោះឆ្នោតទៅតាមមណ្ឌលនីមួយៗហើយនៅថ្ងៃទី១៨ ខែកក្កដា នេះ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នឹងប្រព្រឹត្តទៅជាកំហិតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដាខាងមុខនេះ ជាមួយការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយ ចំនួន១៨ ដើម្បីដណ្តើមអាសនៈក្នុងរដ្ឋសភាចំនួន១២៥កៅអី ក្នុងចំណោមសំឡេងប្រជាពលរដ្ឋ ជាម្ចាស់បោះឆ្នោតសរុបជាង ៩លាន ៧១ម៉ឺននាក់។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា សន្លឹកឆ្នោត និងសម្ភារៈបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលត្រូវបានដឹកជញ្ជូនចេញពីឃ្លាំងរបស់ គ.ជ.ប ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នឹងត្រូវដឹកជញ្ជូនទៅកាន់មណ្ឌលបោះឆ្នោតទាំង២៥រាជធានី-ខេត្ត ឱ្យរួចរាល់ ឱ្យបានមុនថ្ងៃរៀបចំការបោះឆ្នោត ដោយក្នុងនោះអ្វីដែលត្រូវដឹកជញ្ជូនទៅមុនគេមានដូចជា៖ សន្លឹកឆ្នោត បញ្ជីបោះឆ្នោត ត្រាសម្ងាត់ ទឹកខ្មៅជ្រលក់ដៃលាងមិនជ្រះ។
ឯកឧត្តម បន្តថា ការដឹកជញ្ជូនសន្លឹកឆ្នោត និងសម្ភារៈបម្រើឱ្យការបោះឆ្នោត ត្រូវបានធ្វើឡើងតាមរថយន្ត ដែលមានការបិទគ្របយ៉ាងហ្មត់ចត់ ដើម្បីបញ្ចៀសការទទឹកទឹកភ្លៀង និងត្រូវបានការពារសុវត្ថិភាព ដោយមានរថយន្តក្បួនអមការពាររបស់ក្រសួងមហាផ្ទៃ។
ឯកឧត្តម ហង្ស ពុទ្ធា មានប្រសាសន៍ថា សន្លឹកឆ្នោតចំនួន១១លានសន្លឹក ត្រូវបានបញ្ជូនទៅតាមការិយាល័យបោះឆ្នោត ដែលមានសរុប២៣.៧៨៩ការិយាល័យ ខណៈសន្លឹកឆ្នោតបម្រុងជាង១លានសន្លឹកទៀត ត្រូវត្រៀមទុកក្នុងករណីមានសន្លឹកឆ្នោតខូចនៅតាមមណ្ឌលបោះឆ្នោតនីមួយៗ ជាមួយនិងទឹកខ្មៅជ្រលក់ដៃលាងមិនជ្រះ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ គ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោតចំនួនជាង១៣លានសន្លឹក ខណៈក្នុងបញ្ជីបោះឆ្នោតមានអ្នកបោះឆ្នោតជាង៩លាន៧១ម៉ឺននាក់។ ចំណែក ទឹកខ្មៅជ្រលក់ម្រាមដៃ គឺមានចំនួន៥ម៉ឺន២ពាន់ដប ដោយក្នុង១ដប មានចំណុះ៧០មីលីលីត្រ ហើយត្រូវចែកតាមការិយាល័យបោះឆ្នោតនីមួយៗចំនួន២ដប ក្នុងចំណោមការិយាល័យបោះឆ្នោតសរុបនៅទូទាំងប្រទេស ចំណែកចំនួនដែលនៅសល់ គឺបម្រុងបង្ការទុកនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងនៅ គ.ជ.ប៕




ប្រភព៖ ក្រសួងព័ត៌មាន