ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ចេញបញ្ជាក់ ២ករណីផ្សេងគ្នា ក្រោយស្ត្រី២នាក់ បានបង្ហោះសារនៅលើបណ្ដាញសង្គម ធ្វើឱ្យប៉ះពាល់ដល់កងរាជអាវុធហត្ថ

BY
Khmernote Media
July 19, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសព័ត៌មាន ២ករណីផ្សេងគ្នា ក្រោយស្រ្តី២នាក់ បង្ហោះសារនៅលើបណ្តាញសង្គម ដែលធ្វើឲ្យប៉ះពាល់ ដល់អាវុធហត្ថ។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសព័ត៌មានជូនជាសាធារណៈជ្រាបដូចខាងក្រោម៖

១-បុគ្គលឈ្មោះ ភី សូនី អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកសុំទោសដល់អង្គភាពកងរាជអាវុធហត្ថ ហើយបានបំភ្លឺថា៖ ខ្លួនមិនបានឲ្យអ្នកសារព័ត៌មានបង្ហោះ ឬធ្វើការចុះផ្សាយនោះទេ គ្រាន់តែចង់ឲ្យអ្នកសារព័ត៌មាន ជួយសម្របសម្រួលក្នុងរឿងគេចោទថានាងលួចលុយចំនួន២ម៉ឺនបាតនៅក្នុងក្លឹបប៉ុណ្ណោះ ស្រាប់តែនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ រំលងបានពីរថ្ងៃ អ្នកសារព័ត៌មាននោះ បង្ហោះធ្វើការចុះផ្សាយតែម្តង ឃើញដូចនេះ ឈ្មោះ ភី សូនី បានខលប្រាប់បន្ថែមទៀត ឲ្យលុបចោល ហាមចុះផ្សាយ តែអ្នកសារព័ត៌មានមិនព្រមលុបនោះទេ ទើបខ្លួនចេញមុខមកសុំទោស និងស្រាយបំភ្លឺការពិត។

២-បុគ្គលឈ្មោះ ហ៊ុន គីមឡា ភេទស្រី អាយុ៣២ឆ្នាំ ម្ចាស់អាខោន Mey Mey Kim ដែលមាន មុខរបរម្ចាស់ហាងបោកអ៊ុតស្អាតជានិច្ច ទីលំនៅបច្ចុប្បន្ន បុរី The wood ផ្ទះលេខ S09 ផ្លូវកណ្តាល សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បានសូមទោសចំពោះកងរាជអាវុធហត្ថ និងសារភាពថា មូលហេតុដែលនាងនិយាយប៉ះពាល់បេអ៊ឹម គឺដោយសារនាងឃើញរថយន្តដែលដេញតាមនាងមានបំពាក់ស៊ឺរ៉ែននៅពីលើ ទើបនាងមានការភ័ន្តច្រឡំជារថយន្តបេអ៊ឹម ជាអំពើអចេតនា។

សម្រាប់ករណីទី២ កាលពីប៉ុន្មានថ្ងៃមុននេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ថាការចុះផ្សាយវីដេអូនៅលើបណ្ដាញសង្គមរបស់គណនីហ្វេសប៊ុកឈ្មោះ Mey Mey Kim ថាមានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង កាលពីយប់ថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១៖២០យប់ ជាការចុះផ្សាយព័ត៌មានមិនពិតនោះទេ។ ដោយឡែកស្ត្រីខាងលើជាប់ពាក់ព័ន្ធនឹងករណីពាក្យបណ្តឹងអំពើលួច (ប្រាក់) ដែលចេញដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញដីការបញ្ជាឲ្យចូលខ្លួន តែរហូតមកដល់ពេលនេះស្ត្រីរូបនោះ បានរត់គេចខ្លួន ដោយមិនបានចូលខ្លួនតាមការបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលនោះឡើយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជននិងអ្នកសារព័ត៌មានមេត្តាជ្រាបនិងសុំកែតម្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន ៕

ប្រភព​៖ GRK News

Share This Post: