ការផ្ទុះនៃជំងឺកញ្ជ្រឹលបានធ្វើឱ្យរដ្ឋវ៉ាស៊ីនតោនខាតបង់ជាង ១លានដុល្លារអាមេរិក
ការផ្ទុះឡើងនូវជំងឺកញ្ជ្រឹលបានធ្វើឱ្យរដ្ឋវ៉ាស៊ីនតោនចំណាយប្រាក់ជាង ១លានដុល្លារអាមេរិក ក្នុងឆ្នាំនេះ។ នាយកដ្ឋានសុខាភិបាលរបស់រដ្ឋបានចំណាយប្រាក់ប្រហែល ៦១៤,០០០ដុល្លារអាមេរិក លើបុគ្គលិក និងការផ្គត់ផ្គង់។ Clark County ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺនេះ គឺមានចំនួន ៦៣ករណី និងខាតបង់លើការចំណាយចំនួន ៥០០,០០០ដុល្លារអាមេរិក។ ក្រុមមន្ត្រីនិយាយថា តួលេខនឹងកើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះបន្ថែមទៀត។
វេជ្ជបណ្ឌិត Robert Jacobson អ្នកឯកទេសខាងជំងឺឆ្លងនៅគ្លីនិច Mayo បានប្រាប់សារព័ត៌មាន DailyMail.com ថា គាត់មានការព្រួយបារម្ភថា សាធារណជនទូទៅប្រហែលជាមិនដឹងអំពីការផ្ទុះឡើងនូវជំងឺកញ្ជ្រឹលនោះទេ។ ជំងឺនេះគឺពិតជាឆ្លងបានយ៉ាងឆាប់រហ័សបំផុត ប្រសិនបើមាននរណាម្នាក់ក្អកនៅក្នុងបន្ទប់មួយ មេរោគដែលចេញពីមនុស្សនោះនឹងធ្វើឱ្យមនុស្សផ្សេងទៀតដែលនៅ ឬចូលទៅក្នុងបន្ទប់នោះមានគ្រោះថ្នាក់៕
អត្ថបទ៖ លីដា
ប្រភព៖ dailymail