អន្តរជាតិ

សមាជិកសភា និងព្រឹទ្ធសភាថៃ បានច្រានចោលការតែងតាំងលោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីជាថ្មី សម្រាប់ការបោះឆ្នោតជុំទី២

BY
autoadmin
July 20, 2023

សភាទាំង ២ របស់ប្រទេសថៃបានសម្រេចថា មេដឹកនាំគណបក្សឆ្ពោះទៅមុខ Pita Limjaroenrat មិនអាចត្រូវបានតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីម្តងទៀតនោះទេ។ លោក Pita រំពឹងនឹងឈរឈ្មោះក្នុងការបោះឆ្នោតជុំទី២ សម្រាប់ការបោះឆ្នោតនៅល្ងាចថ្ងៃពុធ បន្ទាប់ពីបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតជុំទី១ កាលពីសប្តាហ៍មុន។ យ៉ាងណា សភា​បាន​អនុម័ត​ញត្តិ​មួយ​មុន​ការ​បោះឆ្នោត ដែលធ្វើឱ្យលោក Pita មិនមានសិទ្ធិសម្រាប់ការបោះឆ្នោតជុំទី២ នោះទេ។ សំណើ​នេះ​ត្រូវ​បាន​ដាក់​ជូន​ដោយ​សមាជិក​សភា​អភិរក្សនិយម ដែល​បាន​និយាយ​ថា ​ការបោះឆ្នោត​ជា​លើក​ទី​២ ​នឹង​បំពាន​លើ​បទប្បញ្ញត្តិរបស់សភា។

នោះ​មាន​ន័យ​ថា លោក Pita មិន​អាច​ជា​បេក្ខភាព​តំណាងគណបក្សឆ្ពោះទៅមុខបានទេ បន្ទាប់ពីការបរាជ័យកាលពីជុំទី១ ហើយគណបក្ស​ចម្រុះទាំង៨ ​នឹង​ដាក់​បេក្ខភាព​មក​ពី​គណបក្ស​ភឿថៃ ដែលមានសំឡេងបោះឆ្នោតគាំទ្រពីពលរដ្ឋថៃធំជាងគេទី២ ​ជំនួសលោក Pita។ ជាមួយគ្នានេះ តុលាការធម្មនុញ្ញរបស់ប្រទេសថៃក៏បានសម្រេចកាលពីថ្ងៃពុធថា លោក Pita គួរតែត្រូវបានព្យួរជាបណ្តោះអាសន្នពីតួនាទីរបស់គាត់ក្នុងនាមជាសមាជិកសភា។ មេដឹកនាំ MFP ត្រូវបានគេចោទប្រកាន់ថា បានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលរដ្ឋធម្មនុញ្ញហាមឃាត់សម្រាប់បេក្ខភាពនយោបាយ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: