ឯកឧត្ដម គួច ចំរើន អនុញ្ញាតឱ្យទូកកាណូតធ្វើដំណើរបាន ក្រោយអាកាសធាតុល្អប្រសើរជាមុន តែក៏សូមឱ្យមានការប្រុងប្រយ័ត្នបន្ថែមផងដែរ
- July 20, 2023
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហោះវីដេអូខ្លីមួយ ដោយឯកឧត្ដម បានសម្រេចអនុញ្ញាតឱ្យទូកកាណូតធ្វើដំណើរបានវិញហើយ ក្រោយអាកាសធាតុល្អប្រសើរជាមុន ហើយសូមឱ្យមានការប្រុងប្រយ័ត្នបន្ថែមផងដែរ។

តាមរយៈខ្លឹមសារក្នុងវីដេអូបង្ហោះរបស់ ឯកឧត្ដម គួច ចំរើន បានអនុញ្ញាតឱ្យបងប្អូនប្រជានេសាទ និងទូកកាណូត អាចឱ្យធ្វើដំណើរទៅលម្ហសមុទ្របានវិញហើយ ដោយឯកឧត្ដម បានមានប្រសាសន៍ថា៖ «សូមជម្រាបជូនដល់សាធារណជនទាំងអស់ ដោយផ្អែកទៅលើការតាមដានបញ្ហាអាកាសធាតុ សម្រាប់ថ្ងៃនេះគឺរលកសមុទ្របានធ្លាក់ចុះ ក្នុងកម្រិតលើធម្មតាបន្តិច ហើយមេឃនៅមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ អាចថាក្នុងរយៈពេលពេញ ១ថ្ងៃ។ ផ្អែកលើសា្ថនភាពនេះ អាចសម្រួលឱ្យបងប្អូនធ្វើដំណើរតាមផ្លូវទូកបាន ដែលស្ថិតនៅក្នុងស្ថានភាព ត្រូវប្រុងប្រយ័ត្ន ដោយផ្អែកទៅលើសំណូមពរផង នៃបងប្អូនប្រជាពលរដ្ឋរបស់យើង ដោយពួកគាត់មានតម្រូវការដឹកជញ្ជូននូវស្បៀងអាហារ ក្នុងការធ្វើដំណើរ និងការទំនាក់ទំនងនេះ គឺយើងខ្ញុំ សូមសម្រេចនូវការដាក់ចេញ អនុញ្ញាតឱ្យមានការធ្វើដំណើរទៅកាន់ដីកោះ ដោយមធ្យោបាយទូកដែលមានសុវត្ថិភាព ស្ថិតនៅក្រោមការត្រួតពិនិត្យដោយមន្ត្រីជំនាញឱ្យបានច្បាស់លាស់ ដើម្បីបង្ការប្រុងប្រយ័ត្ននូវហានិភ័យ ដែលអាចកើតមានឡើងផ្សេងៗ។»
ចំពោះបងប្អូនប្រជានេសាទ ក៏អនុញ្ញាតឱ្យចេញដំណើរប្រកបរបរនេសាទបាន តែសូមឱ្យមានការនេសាទរយៈពេលខ្លីៗ ទៅព្រឹកមកល្ងាច និងទៅល្ងាចមកព្រលប់តែប៉ុណ្ណោះ មិនអនុញ្ញាតឱ្យការចេញទៅនេសាទលើសថ្ងៃកំណត់ ដែលអាចនឹងមានហានិភ័យកើតឡើង គឺលំបាកក្នុងការទំនាក់ទំនង និងការចាត់វិធានការនានា សម្រាប់ជួយសម្របសម្រួលផ្សេងៗ។ ដូច្នេះ សូមឱ្យបងប្អូន អ្នកមានសមត្ថកិច្ចទាំងអស់ គឺយកចិត្តទុកដាក់ក្នុងការចាត់ចែង សម្របសម្រួលផ្ដល់ភាពអនុគ្រោះ នៃការធ្វើដំណើរនិងការធ្វើនេសាទនេះ សម្រាប់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនយើង ៕
ប្រភព៖ គួចចំរើន/KuochChamroeun
- Share This Post:






