ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ចំពោះអ្នកសង្កេតការណ៍អន្តរជាតិជាង ៣០០នាក់ ដែលអញ្ជើញមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា

BY
Khmernote Media
July 20, 2023

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ យោងតាមរយៈបណ្តាញសង្គមតេលេក្រាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​មានប្រសាសន៍ថា៖ «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី៦៥ប្រទេសនិង ស្ថាប័នអន្តរជាតិដែលបាន និងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានសភា ប្រទេសម៉ាឡេស៉ី និងឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ដែលអញ្ជើញមកដើម្បីសង្កេតការណ៍ដោយផ្ទាល់។ ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តមអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង១១រូបដែលបានចំណាយពេលវេលាធ្វើដំណើរមកកាន់កម្ពុជា ដើម្បីធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

យើងធ្លាប់បានបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ ៦លើករួចមកហើយ និងលើកទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍មកពីក្រៅប្រទេសច្រើនបំផុត និងមានឥស្សរជនជាន់ខ្ពស់ច្រើនបំផុតមកចូលរួមសង្កេតការណ៍»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: