អន្តរជាតិ

Google កំពុងធ្វើការសាកល្បងឧបករណ៍ថ្មីគាំទ្រដោយ AI ដើម្បីអាចជួយដល់ការងាររបស់អ្នកកាសែត

BY
autoadmin
July 21, 2023

ក្រុមហ៊ុន Google បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយអ្នកបោះពុម្ពផ្សាយព័ត៌មាន ដើម្បីរចនាឧបករណ៍ថ្មីដែលគាំទ្រដោយ AI ដើម្បីជួយអ្នកកាសែត អាចរាយការណ៍ និងសរសេរអត្ថបទរបស់ពួកគេ។ គម្រោងនេះត្រូវបានរាយការណ៍ជាលើកដំបូងដោយកាសែត The New York Times ដែលកំពុងធ្វើការជាមួយ The Washington Post និង The Wall Street Journal ក្នុងការសាកល្បងផលិតផលថ្មីនេះ។ ឧបករណ៍នោះត្រូវបានគេស្គាល់ថាជា Genesis កំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងដំបូង ប៉ុន្តែមានសមត្ថភាពគួរឱ្យកត់សម្គាល់ ដោយអ្នកសរសេរព័ត៌មានមួយចំនួនដែលមើលឃើញពីសមត្ថភាពរបស់វា។

អ្នកនាំពាក្យរបស់ Google បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នៅក្នុងភាពជាដៃគូជាមួយអ្នកបោះពុម្ពផ្សាយព័ត៌មាន ជាពិសេសអ្នកបោះពុម្ពផ្សាយតូចៗ យើងកំពុងស្ថិតក្នុងដំណាក់កាលដំបូងបំផុតនៃការស្វែងរកគំនិត ដើម្បីផ្តល់លទ្ធភាពឱ្យឧបករណ៍ AI អាចជួយអ្នកកាសែតរបស់ពួកគេក្នុងការងារ»។ អ្នកនាំពាក្យបានបញ្ជាក់ថា៖«ឧបករណ៍ទាំងនេះមិនមានបំណង និងមិនអាចជំនួសតួនាទីសំខាន់ៗ ដែលអ្នកសារព័ត៌មានមាននៅក្នុងតួនាទីរាយការណ៍ បង្កើត និងពិនិត្យអត្ថបទរបស់ពួកគេទេ»។ ក្រុមហ៊ុនបាននិយាយថា ឧបករណ៍នេះនឹងដំណើរការជាជំនួយការសម្រាប់អ្នកយកព័ត៌មាន និងអ្នកកែសម្រួល ដោយផ្តល់នូវជម្រើសសម្រាប់ចំណងជើង ឬរចនាបទសរសេរខុសៗគ្នា។

គម្រោងរបស់ Google ធ្វើតាមគន្លងនៃការភ្ជាប់គ្នារវាង OpenAI និង The Associated Press (AP) ដែលក្នុងនោះអ្នកបង្កើត ChatGPT ត្រូវបានផ្តល់អាជ្ញាប័ណ្ណឱ្យចូលប្រើឯកសារចាស់ៗ (archives) របស់ AP ដែលត្រឡប់ទៅឆ្នាំ១៩៨៥ ដើម្បីបណ្តុះបណ្តាល AI។ AP ក៏បានប្រើប្រាស់ទម្រង់ផ្សេងទៀតនៃ AI អស់រយៈពេលជិតមួយទសវត្សរ៍ រួមទាំងដើម្បីធ្វើស្វ័យប្រវត្តិកម្មរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុន និងសង្ខេបព្រឹត្តិការណ៍កីឡាមួយចំនួន។ ការលេចឡើងនៃ ChatGPT កាលពីឆ្នាំមុន បានជួយជ្រោមជ្រែងនៅក្នុងឧស្សាហកម្មព័ត៌មាន ជាមួយនឹងសមត្ថភាពរបស់កម្មវិធីក្នុងការសរសេរប្រកបដោយភាពជឿជាក់ និងក្នុងរយៈពេលប៉ុន្មានវិនាទី លើប្រធានបទស្មុគស្មាញពីប្រអប់បញ្ចូលដ៏សាមញ្ញមួយ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: