ជម្រើសជាតិកម្ពុជា បន្តការហ្វឹកហាត់នៅប្រទេសចិន ត្រៀមកីឡាអាស៊ី២០២៣ នៅចិន និងស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ
- July 21, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្រុមកីឡាករ កីឡាការិនីជម្រើជាតិកម្ពុជាលើ១២ប្រភេទកីឡា ដែលមានអត្តពលិកចំនួន ១៦១នាក់ នឹងត្រូវចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន នាដើមខែសីហា ឆ្នាំ២០២៣ ដើម្បីត្រៀមព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗពីរ គឺការប្រកួតកីឡាអាស៊ី (ASIAN Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលដឹកនាំកិច្ចប្រជុំរៀបចំផែនការហ្វឹកហាត់ប្រទេសចិន កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការ NOCC មានប្រសាសន៍ថា កិច្ចប្រជុំត្រៀមហ្វឹកហាត់ នៅប្រទេសចិន នាដើមខែសីហា ឆ្នាំ២០២៣ គឺដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាធំៗចំនួនពីរនេះ។ ឯកឧត្ដមបន្ដថា ការហ្វឹកហាត់នៅប្រទេសចិននេះ គឺជាពេលវេលានៅសល់ប្រហែល ១២០ថ្ងៃទៀត ដែលស្ថិតក្នុងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលជាជំនួយឥតសំណងរបស់មិត្តចិនសម្រាប់ការហ្វឹកហាត់ត្រៀមនៅសល់ក្នុងពេល ស៊ីហ្គេម ២០២៣ កន្លងទៅ។ ឯកឧត្តមអគ្គលេខាធិការសង្កត់ធ្ងន់ថា៖ «ដើម្បីបន្តនិរន្តរភាពនៃគុណផលកីឡាកម្ពុជា យើងត្រូវរៀបចំផែនការយុទ្ធសាស្ត្រហ្វឹកហាត់ឡើងវិញ ក្រោយបញ្ចប់ស៊ីហ្គេម នៅកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។ តាមរយៈគម្រោងហ្វឹកហាត់របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា គឺមានទាំងការហ្វឹកហាត់ ក្នុងស្រុក និងការហ្វឹកហាត់នៅក្រៅប្រទេស ក្នុងនោះការហ្វឹកហាត់នៅប្រទេសចិនជាដើម»។
ឯកឧត្ដមបានបញ្ជាក់ទៀតថា សម្រាប់ការចូលរួមរបស់កម្ពុជា ក្នុងកីឡាអាស៊ី នៅប្រទេសចិន ២០២៣ គឺមានចំនួន១៦ប្រភេទកីឡា ដោយ១២ប្រភេទកីឡាត្រូវហ្វឹកហាត់នៅក្នុងប្រទេសចិន ហើយបន្តចូលរួមប្រកួតកីឡាអាស៊ី នៅទីនោះតែម្តង។ ក្រោយបញ្ចប់ការប្រកួតកីឡាអាស៊ី និងត្រូវចូលជំរំហ្វឹកហាត់បន្តនៅប្រទេសចិនដដែល រហូតដល់ខែធ្នូ ឆ្នាំ២០២៣។ ចំពោះ៤ប្រភេទកីឡាទៀត ដែលហ្វឹកហាត់ក្នុងស្រុកនឹងត្រូវបញ្ជូនសម្រាប់ការប្រកួតកីឡាអាស៊ីនេះផងដែរ។
«ពេលនេះ យើងបានមូលមតិគ្នាថា នឹងបន្តការងាររដ្ឋបាលកីឡា និងរៀបចំអភិវឌ្ឍបច្ចេកទេសកីឡាឡើងវិញ ក្រោយសម្រាកពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាយើង។ យើងនៅមានបេសកកម្មអន្តរជាតិជាច្រើនទៀតសម្រាប់ជាតិមាតុភូមិ ដែលត្រូវបន្តការខិតខំបន្ថែម ដោយយករូបភាពនៃភាពជោគជ័យស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាធ្វើជាកម្លាំងចិត្ត ក្នុងការជំរុញសក្តានុពលកីឡាកម្ពុជា»។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែម។
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ការហ្វឹកហាត់នៅប្រទេសចិន មានរយៈពេល ១២៥ថ្ងៃ លើ១២ប្រភេទកីឡាស្មើនឹងចំនួនកីឡាករ កីឡាការិនី ១៦១នាក់ (គម្រោងជំនួយឥតសំណងចិន) និងផែនការចូលរួមប្រកួតកីឡាអាស៊ី (ASIAN Games) លើកទី១៩ នៅប្រទេសចិន។ លោកបន្ដថា ចំពោះមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាកំពុងត្រៀមប្រមូលផ្តុំការហ្វឹកហាត់របស់ក្រុមជម្រើសជាតិលើប្រភេទកីឡាមួយចំនួន ដែលមិនបានទៅហ្វឹកហាត់នៅប្រទេសចិន ហើយត្រៀមកីឡាអាស៊ី នៅប្រទេសចិនដែរ។ លោកប្រធានមជ្ឈមណ្ឌលបានស្នើសុំដល់សហព័ន្ធកីឡាជាតិបញ្ជូនបញ្ជីកីឡាករ កីឡាការិនីឱ្យបានទាន់ពេលវេលា ដើម្បីត្រៀមចេញទៅហ្វឹកហាត់នៅប្រទេសចិន ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣តទៅ៕




ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






