អន្តរជាតិ

បុរសដែលល្បីខាងឡើងអគារខ្ពស់ៗម្នាក់ បានបាត់បង់ជីវិតក្រោយភ្លាត់ស្នៀត​ធ្លាក់​ពីលើអគារជាន់ទី៦៨

BY
autoadmin
August 1, 2023

បុរសជនជាតិ​បារាំងដែលល្បីខាងឡើងអគារខ្ពស់ៗជុំវិញពិភពលោក គឺលោក Remi Lucidi ​បានស្លាប់បាត់បង់ជីវិតនៅឯ​ទីក្រុង​ហុងកុង បន្ទាប់ពីគាត់បានភ្លាត់ស្នៀត​ធ្លាក់​ពីលើអគារជាន់ទី៦៨។ ប៉ូលីសហុងកុងបាននិយាយថា សាកសពបុរសអាយុ ៣០ឆ្នាំរូបនេះ ត្រូវបានគេរកឃើញនៅលើប្លុកផ្ទះល្វែងមួយក្នុងតំបន់ Mid-Levels របស់ទីក្រុង។ ប៉ូលីសហុងកុងបានបន្ថែមថា បន្ទាប់ពីការស៊ើបអង្កេតដំបូង គេជឿថាបុរសនោះបានធ្លាក់ពីលើអគារ នៅពេលដែលគាត់បានព្យាយាមតោងគែមបង្អួចនៅខាងក្រៅ។

បុរសជនជាតិបារាំងរូបនេះបានចូលទៅអាផាតមិនមួយកន្លែង ដោយបានកុហកសន្តិសុខថា គាត់ត្រូវទៅលេងមិត្តភ័ក្តិនៅជាន់ទី៤០ ប៉ុន្តែផ្ទុយទៅវិញបានឡើងជណ្តើរយន្តទៅជាន់ទី៤៩ ហើយបន្ទាប់មកឡើងទៅដល់កំពូលអាផាតមិន។ ប៉ូលីសបាននិយាយថា គាត់បានគោះបង្អួចសុំជំនួយពីបន្ទប់មួយនៅជាន់ទី៦៨ នៅម៉ោងប្រហែល ៧ និង ៣០ នាទីយប់ ម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍។ យ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អាចជួយគាត់បានទេ ហើយបូលីសបានត្រឹមតែរកឃើញសាកសព និងអត្តសញ្ញាណប័ណ្ណសញ្ជាតិបារាំងរបស់គាត់ ក៏ដូចជាកាមេរ៉ាដែលមានវីដេអូចាស់ៗជាដើម៕

អត្ថបទ៖ លីដា
ប្រភព៖ The Guardian

Share This Post: