អន្តរជាតិ

ភោជនីយដ្ឋាន​ថៃ​មួយនៅអាមេរិក ត្រូវបានអតិថិជនដាក់បណ្ដឹងប្ដឹងសងជំងឺចិត្ត ដោយសារលក់ប្រហិតសាច់មាន់​រសជាតិហឹរខ្លាំងពេក

BY
autoadmin
July 23, 2023

ស្ត្រី​ម្នាក់​បានដាក់ពាក្យបណ្ដឹង​ប្រឆាំងនឹងភោជនីយដ្ឋាន​ថៃ​មួយ ​នៅ​ទីក្រុង San Jose រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយសារភោជនីយមួយនោះ បានលក់អាហារ​មានរសជាតិហឹរខ្លាំងពេក ​ដែល​ធ្វើឱ្យមានផលប៉ះពាល់ជាអចិន្ត្រៃយ៍មកលើគាត់។ យោងតាមពាក្យបណ្តឹងបានឱ្យដឹងថា លោកស្រី Harjasleen Walia ដែលជាអ្នកជំនាញខាងសរសៃប្រសាទ បានទៅភ្លក់ប្រហិត «Dragon Balls» នៅភោជនីយដ្ឋាន Coup de Thai នៅតំបន់ Los Gatos កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ ក្រោយ​ទទួល​ទាន​រួច គាត់បានចោទថា ប្រហិតទាំងនោះធ្វើឱ្យគាត់ «​មាន​អារម្មណ៍​ថា​មាត់​ទាំង​មូល អណ្ដាត បំពង់ក និង​ច្រមុះ​ក្ដៅឆួល​ដូច​ភ្លើង»។

ការពិតទៅលោកស្រី Walia បានដឹងថា Dragon Balls មានរសជាតិហឹរខ្លាំងណាស់ ប៉ុន្តែព្យាយាមចង់ទិញវាមកសាក និងបានប្រាប់ភោជនីយដ្ឋានឱ្យបន្ថយម្ទេស។ ដោយសារចង់សាករសជាតិខ្លាំងពេក ប្រហិតនោះបានធ្វើឱ្យបំពង់សំឡេង បំពង់​អាហារ និង​រន្ធ​ច្រមុះ​របស់គាត់ក្ដៅរលាក ដែលធ្វើឱ្យគាត់ទទូចនៅក្នុងពាក្យបណ្ដឹងថា វានឹងត្រូវខូចខាតជារៀងរហូត។ ប្រហិត Dragon Balls ត្រូវបានគេដឹងថា ​តម្លៃ ១១ដុល្លារ វាគឺជា​ប្រហិតសាច់​មាន់​ ​រួមផ្សំនឹង​ជីអង្កាម ខ្ទឹម​ក្រហម ខ្ទឹម​បារាំង ស្លឹក​ក្រូចសើច ម្ទេស និង​ម្សៅ​អង្ករ​ ទៅតាម​មុខ​ម្ហូប​របស់ Coup de Thai។

យ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងភោជនីយដ្ឋាន Coup de Thai បានឆ្លើយតបទៅអ្នកសារព័ត៌មានថា ភោជនីយដ្ឋានរបស់គាត់មិន​ដែល​មានអតិថិជនណា មានការរលាកដោយសារ​អាហារដែលពួកគាត់ធ្វើ រហូតដល់ថ្នាក់ត្រូវទៅ​ពេទ្យព្យាបាលនោះទេ។ ប្រហិត Dragon Balls មានរសជាតិហឹរ ប៉ុន្តែគាត់អះអាងថា វាមិនប្រើគ្រឿងទេសហឹរច្រើនពេកទេ។ គាត់បានបន្ដថា វាមិនអាចទៅរួចទេដែលចង់បន្ថយជាតិហឹរពី Dragon Balls ព្រោះថាវានៅក្នុងសាច់ប្រហិតស្រាប់ទៅហើយ។ មកទល់សព្វថ្ងៃនេះ លោកស្រី Walia ត្រូវបានគេរាយការណ៍ថា នៅតែបន្ដស្វែងរកការសងជំងឺចិត្តជាទឹកប្រាក់ ពីភោជនីយដ្ឋាន Coup de Thai ប៉ុន្តែមិនបានបញ្ជាក់ចំនួនទេ។ លោកស្រី​ក៏​ស្វែងរក​ប្រាក់​បំណាច់​ថ្លៃ​ព្យាបាល​ ការ​បាត់​បង់​ប្រាក់​ចំណូល និង​ការ​ចំណាយ​ផ្លូវ​ច្បាប់ផ្សេងទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Yahoo

Share This Post: