បុរសម្នាក់បោះឆ្នោតរួចមិនព្រមជ្រលក់ដៃក្នុងកំប៉ុងទឹកខ្មៅ និងដើរអុកឡុកក្នុងការិយាល័យបោះឆ្នោត ត្រូវនគរបាលចាប់ខ្លួន
បុរសម្នាក់ត្រូវបាននគរបាលខេត្តត្បូងឃ្មុំ ចាប់ខ្លួនក្រោយបោះឆ្នោតរួចមិនព្រមជ្រលក់ដៃក្នុងកំប៉ុងទឹកខ្មៅ និងដើរអុកឡុកក្នុងការិយាល័យបោះឆ្នោត។ ករណីនេះកើតឡើងនៅក្នុងការិយាល័យបោះឆ្នោតលេខ០៣០៣ បឋមសិក្សាក្បាលស្នែង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News។

មន្ដ្រីនគរបាលខេត្តត្បូងឃ្មុំ បានអះអាងថា ដើមឡើយបុរសឈ្មោះ ឃ្លី ភ័ក្រ បានមកបោះឆ្នោតដូចប្រជាពលរដ្ឋធម្មតា ប៉ុន្ដែពេលបោះឆ្នោតរួចបុគ្គលរូបនេះ មិនព្រមជ្រលក់ដៃក្នុងកំប៉ុងទឹកខ្មៅនោះទេ ហើយថែមទាំងដើរអុកឡុកក្នុងការិយាល័យបោះឆ្នោតថែមទៀតផង។ ភ្លាមៗ ក្រោយឃើញបាតុភាពនេះ មន្ដ្រីគ.ជ.ប សហការជាមួយកម្លាំងសមត្ថកិច្ចការពារការិយាល័យបោះឆ្នោត បានធ្វើការឃាត់ខ្លួនតែម្ដង។
ប្រភពព័ត៌មានបានបន្ថែមទៀតថា ក្រោយឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកមេមត់ សមត្ថកិច្ចបានពិនិត្យទឹកនោមជនសង្ស័យ និងរកឃើញមានសារធាតុញៀន៕
