មហាសេដ្ឋី Elon Musk បានប្រកាសនឹងប្ដូរឈ្មោះ និងឡូហ្គោរបស់ Twitter ពីចាបខៀវទៅជាអក្សរ “X”
មហាសេដ្ឋី Elon Musk បានប្រកាសនៅលើគណនី Twitter របស់គាត់ថា និមិត្តសញ្ញាចាបខៀវ និងឈ្មោះដ៏សាំញ៉ាំរបស់វា នឹងលែងមានតទៅទៀតហើយ ព្រោះគាត់នឹងប្ដូរឡូហ្គោ និងឈ្មោះរបស់បណ្ដាញសង្គមមួយនេះទៅជា “X”។ លោកក៏បានបញ្ជាក់នៅក្នុងអំឡុងការសន្ទនាគ្នានៅលើ Twitter Space ថា ឡោហ្គោរបស់វានឹងត្រូវបានផ្លាស់ប្តូរនៅយប់ថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក)។ លោក Elon Musk មានប្រសាសន៍ថា៖«វាគួរតែប្ដូរជាយូរមកហើយ សូមទោសដែលធ្វើឱ្យមានការរង់ចាំ»។ យ៉ាងណាក៏ដោយ Twitter មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំយោបល់ទេ។

យោងតាមលោកស្រី Zoe Schiffer ដែលជាអ្នករាយការណ៍របស់ The Verge បានឱ្យដឹងថា លោក Musk បានផ្ញើអ៊ីមែលទៅបុគ្គលិករបស់គាត់ ដើម្បីជម្រាបពីការប្ដូរឈ្មោះនេះ ហើយវាគឺជាអ៊ីមែលចុងក្រោយដែលផ្ញើចេញក្រោមឈ្មោះរបស់ Twitter។
អស់រយៈពេលជាយូរមកហើយ ដែលលោក Musk តែងតែស្រឡាញ់យីហោអក្សរ X។ ជាក់ស្ដែង ធនាគារដែលគាត់បានសហការបង្កើតដំបូងនៅក្នុងឆ្នាំ១៩៩៩ មានឈ្មោះថា x.com ខណៈក្រុមហ៊ុន Ai ដ៏ថ្មីសន្លាងរបស់គាត់ ក៏មានឈ្មោះថា xAI។ សូម្បីតែក្រុមហ៊ុនដែលកាន់កាប់ Twitter ក៏បានប្ដូរឈ្មោះទៅជា X Corp កាលពីក្នុងខែមេសាផងដែរ។ លោក Musk ធ្លាប់បានបង្ហើបថា X នឹងជួយ Twitter ឱ្យក្លាយជាបណ្ដាញសង្គមមានគ្រប់បែបយ៉ាង ដែលធ្វើឱ្យអ្នកខ្លះជឿថា គាត់កំពុងយកគំរូតាម WeChat ដែលជាកម្មវិធីពេញនិយមបំផុតនៅក្នុងប្រទេសចិន ដែលមនុស្សប្រើប្រាស់សម្រាប់សកម្មភាពប្រចាំថ្ងៃ ដូចជាការទូទាត់ និងការទិញទំនិញ បន្ថែមពីលើបណ្តាញសង្គម៕


អត្ថបទ៖ លីដា
ប្រភព៖ Yahoo News