ក្រុមហ៊ុន Ford នៅអាមេរិក បានប្រកាសប្រមូលរថយន្ត F-150 រាប់សែនគ្រឿងត្រឡប់មកវិញ ដោយសារបញ្ហាជាប់ប្រព័ន្ធហ្វ្រាំង Parking brake
- BY
- autoadmin
- July 31, 2023
ក្រុមហ៊ុន Ford កំពុងប្រមូលរថយន្ត F-150 រាប់រយរាប់ពាន់គ្រឿងត្រឡប់មកវិញ បន្ទាប់ពីអតិថិជនរបស់ពួកគេបានរាយការណ៍អំពីបញ្ហាប្រព័ន្ធហ្វ្រាំងដៃ (parking brake) ដែលបានដំណើរការដោយខ្លួនឯង នៅពេលដែលពួកគេកំពុងជិះក្នុងរថយន្តភីកអាប់នេះ។ ក្រុមហ៊ុនកំពុងប្រមូលរថយន្ត F-150 ស៊េរីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ចំនួនជាង ៨៧០,០០០ គ្រឿង នេះបើយោងតាមរបាយការណ៍ស្តីពីសុវត្ថិភាពនៃការប្រមូលរថយន្តពីក្រុមហ៊ុន Ford ដែលផ្សព្វផ្សាយដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA)។ ជម្រាបដែរថា ស៊េរី F របស់ក្រុមហ៊ុន Ford គឺជារថយន្តដែលលក់ដាច់បំផុតនៅក្នុងសហរដ្ឋអាមេរិកអស់ជាច្រើនទសវត្សរ៍មកហើយ។

ឯកសារ NHTSA បានបង្ហាញថា អ្នកបើកបររថយន្តដែលមានបញ្ហាហ្វ្រាំង អាចនឹងឃើញភ្លើងសញ្ញាព្រមាននៅលើអេក្រង់បង្ហាញនៅលើរថយន្តរបស់ពួកគេ។ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងដោះស្រាយបញ្ហាដោយការដំឡើងខ្សែក្រវាត់ការពារ និងធ្វើឱ្យប្រសើរនូវខ្សែហ្វ្រាំង ក៏ដូចជាការប្ដូរខ្សែភ្លើងខាងក្រោយ។ ក្រុមហ៊ុន Ford បាននិយាយថា ការជួសជុលនឹងធ្វើឡើងដោយមិនគិតថ្លៃទេ។ អ្នកបើកបរដែលបានបង់ថ្លៃដើម្បីដោះស្រាយបញ្ហាទាំងនេះ អាចត្រូវបានសងវិញដោយការបញ្ជូនឯកសារទៅក្រុមហ៊ុន Ford ត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។ ក្រុមហ៊ុន Ford បាននិយាយថា ខ្លួនមិនទាន់ទទួលបានរបាយការណ៍គ្រោះថ្នាក់ ឬរបួស ដែលបណ្តាលមកពីបញ្ហានោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Business Insider
- Share This Post:






