អន្តរជាតិ

កូរ៉េខាងជើងបានបង្ហោះមីស៊ីលផ្លោងចំនួន ២ គ្រាប់ទៅក្នុងសមុទ្រជប៉ុន ដែលជាការបង្ហោះលើកទី១៤ នៅឆ្នាំនេះ

BY
autoadmin
July 25, 2023

ក្រសួងការពារជាតិជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២គ្រាប់ កាលពីយប់ថ្ងៃចន្ទ ហើយពួកវាប្រហែលជាបានធ្លាក់ចូលក្នុងសមុទ្រជប៉ុន នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ មន្ត្រីក្រសួងបាននិយាយថា​ មីស៊ីល ២គ្រាប់ ត្រូវបានបាញ់ឆ្ពោះទៅទិសខាងកើត ចេញពីតំបន់ដីគោកនៃកូរ៉េខាងជើង ដោយការបាញ់បង្ហោះលើកដំបូងនៅម៉ោងប្រហែល ១១ និង ៥៤ នាទីយប់ និងលើកទីពីរនៅម៉ោងប្រហែល ១១:៥៩ យប់។ ក្រុមមន្ត្រីជឿថា មីស៊ីលទាំងនោះបានហោះបានចម្ងាយប្រហែល ៣៥០ ទៅ ៤០០ គីឡូម៉ែត្រ និងឈានដល់កម្ពស់ប្រហែល ១០០ គីឡូម៉ែត្រ។

រដ្ឋាភិបាលជប៉ុនបានធ្វើការតវ៉ាជាមួយកូរ៉េខាងជើង ដោយនិយាយថា សកម្មភាពរបស់ប្រទេសនេះរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងគំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់ប្រទេសជប៉ុន តំបន់ពាក់ព័ន្ធ និងសហគមន៍អន្តរជាតិ។ ការបាញ់បង្ហោះចុងក្រោយនេះ គឺជាការបង្ហោះលើកទី១៤ នៅឆ្នាំនេះ សម្រាប់កូរ៉េខាងជើងក្នុងការបាញ់មីស៊ីលផ្លោង ឬមីស៊ីលដែលប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បាននិយាយថា ការបាញ់មីស៊ីលកាលពីថ្ងៃចន្ទ អាចជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ដោយនាវាមុជទឹករបស់សហរដ្ឋអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: