ហាងជាច្រើននៅក្នុងប្រទេសថៃបានប្រកាសឈប់លក់ភេសជ្ជៈមួយនេះ ដោយសារចលនានយោបាយរបស់គណបក្សភឿថៃ
- BY
- autoadmin
- July 25, 2023
បាងកក៖ ហាងភេសជ្ជៈជាច្រើននៅក្នុងប្រទេសថៃបានប្រកាសឈប់លក់ភេសជ្ជៈ mint-chocolate បន្ទាប់ពីគណបក្សភឿថៃ បានជួបជាមួយគណបក្សនយោបាយផ្សេងទៀតកាលពីចុងសប្តាហ៍មុន ដើម្បីទាក់ទាញពួកគេឱ្យគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួន ដើម្បីអាចបង្កើតរដ្ឋាភិបាលថ្មីបាន។ មូលហេតុគឺថា mint-chocolate បានក្លាយជាភេសជ្ជៈពេញនិយមយ៉ាងទូលំទូលាយ បន្ទាប់ពីបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបរបស់ភឿថៃ គឺលោកស្រី Paetongtarn Shinawatra ធ្លាប់ប្រាប់ថា វាគឺជាភេសជ្ជៈដែលគាត់ចូលចិត្តផឹក។ ចាប់តាំងពីពេលនោះមក វាបានក្លាយជានិមិត្តរូបនៃគណបក្សភឿថៃ ហើយជាញឹកញាប់ត្រូវបានដាក់បម្រើស្វាគមន៍ សម្រាប់សមាជិកនៃគណបក្សនយោបាយផ្សេងទៀត នៅពេលណាដែលពួកគេមកទីស្នាក់ការរបស់ខ្លួន។

ហាងមួយចំនួនបានប្ដូរឈ្មោះវាទៅជា «ភេសជ្ជៈក្បត់មិត្ត» ហើយការបញ្ជាទិញ mint-chocolate នឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិនៅលើកម្មវិធីដឹកជញ្ជូន ខណៈមានហាងកាហ្វេមួយចំនួនបានឈានទៅដល់ការប្រកាសថា ពួកគេនឹងលក់តែកាហ្វេ Americano និងទឹកក្រូច ដែលជាភេសជ្ជៈនិមិត្តរូបរបស់គណបក្សឆ្ពោះទៅមុខ ហើយក៏ជាភេសជ្ជៈសំណព្វរបស់លោក Pita Limjaroenrat នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS world។
វាបានកើតឡើងបន្ទាប់ពីលោក Pita Limjaroenrat ត្រូវបានសភាតំណាងរាស្ត្រ និងព្រឹទ្ធសភារបស់ថៃ បោះឆ្នោតរារាំងគាត់ពីការព្យាយាមស្វែងរកសំឡេងជាលើកទី២ ដើម្បីអាចបានឡើងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។ លោក Pita ក៏បានសម្រេចចិត្តបើកឱ្យគណបក្សភឿថៃ ធ្វើជាប្រធានក្រុមសម្ព័ន្ធចម្រុះទាំង៨ ដើម្បីអាចឱ្យភឿថៃ ដាក់បេក្ខភាពរបស់ពួកខ្លួនឈរឈ្មោះជានាយករដ្ឋមន្ត្រីវិញ។ ប៉ុន្តែវាហ៊ាក់ដូចជាគណបក្សឆ្ពោះទៅមុខ ត្រូវបានគណបក្សភឿថៃក្បត់ពីក្រោយខ្នង បន្ទាប់ពីមួយរយៈចុងក្រោយនេះ ភឿថៃបានជួបជាមួយគណបក្សនយោបាយដែលប្រឆាំងនឹងលោក Pita ពិសេសគឺគោលនយោបាយចង់ធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ របស់លោក Pita៕


អត្ថបទ៖ លីដា
ប្រភព៖ Thai PBS world
- Share This Post:






