ព័ត៌មានជាតិ

នៅព្រឹកនេះ ទំនប់វារីអគ្គិសនីកំចាយ ខេត្តកំពត នឹងបើកទ្វារទឹកចំនួន១ មានកម្ពស់ ២ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់

BY
Khmernote Media
July 26, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្តីពីការបើកទ្វារទឹកចំនួន១ កម្ពស់ ២ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅវេលាម៉ោង១០៖០០នាទី។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តា ជ្រាបថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។ តាមស្ថានភាព អាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ជាពិសេសតំបន់ទំនប់វារីអគ្គិសនី កំចាយ ទឹកក្នុងអាងទំនប់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ មានកម្ពស់ ១៤៨.២៦ម៉ែត្រ ហើយទឹកហូរចូលអាង មានចំនួន ៤៣៧.៤៣ ម៣ វិនាទី។

ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយ នឹងធ្វើការបើកទ្វារទឹកចំនួន ០១ កម្ពស់ ២ម៉ែត្រ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ វេលា ១០៖០០ ព្រឹក ដើម្បីរំដោះទឹកចេញពីទំនប់។ ដូច្នេះស្ថានភាពទឹកព្រែកនឹងមានកម្ពស់លើសពីធម្មតា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន​ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

Share This Post: