សហរដ្ឋអាមេរិកបានប្រកាសផ្ដល់ជំនួយយោធាដែលមានតម្លៃ ៤០០ លានដុល្លារ បន្ថែមទៀតសម្រាប់អ៊ុយក្រែន
- BY
- autoadmin
- July 26, 2023
សហរដ្ឋអាមេរិកបានប្រកាសជំនួយយោធាបន្ថែម ដែលមានតម្លៃរហូតដល់ ៤០០ លានដុល្លារ ដើម្បីគាំទ្រការវាយលុករបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ កញ្ចប់ដែលដាក់បង្ហាញដោយមន្ទីរបញ្ចកោណរួមមាន៖ គ្រាប់បែកបន្ថែម សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot និងប្រព័ន្ធមីស៊ីលពីដីទៅអាកាសកម្រិតខ្ពស់ NASAMS។ អ៊ុយក្រែនក៏នឹងទទួលបានគ្រាប់រំសេវបន្ថែមទៀត សម្រាប់ប្រព័ន្ធ High Mobility Artillery Rocket Systems ឬ HIMARS។ សហរដ្ឋអាមេរិកមានបំណងបង្កើនសមត្ថភាពការពារ ដែនអាកាសរបស់អ៊ុយក្រែន ដើម្បីទប់ទល់ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីនៅតែបន្តវាយប្រហារកំពង់ផែអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធនៅ Odesa នៅភាគខាងត្បូង និងតំបន់ផ្សេងទៀត។ លោក Blinken បាននិយាយថា៖ «សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត និងដៃគូរបស់យើង នឹងឈររួបរួមជាមួយអ៊ុយក្រែនដរាបណាពួកគេនៅត្រូវការ»។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏បានសម្តែងការដឹងគុណ នៅក្នុងវីដេអូដែលមួយបានចេញផ្សាយកាលពីថ្ងៃអង្គារផងដែរ។ លោក Zelenskyy បាននិយាយថា ចាប់ផ្តើមថ្ងៃថ្មីដោយការទទួលអាវុធ និងកញ្ចប់ជំនួយការពារជាតិថ្មី រួមទាំងរបស់ដែលផ្ដល់ដោយអាមេរិក។ គាត់បានបន្ថែមថា៖«ខ្ញុំសូមថ្លែងអំណរគុណសម្រាប់កញ្ចប់ថ្ងៃនេះ… អរគុណអាមេរិក!»៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






