អង្គការណាតូកំពុងពង្រឹងសកម្មភាពឃ្លាំមើល និងយកការណ៍នៅតំបន់សមុទ្រខ្មៅ ក្រោយមានការព្រមានពីសំណាក់រុស្ស៊ី
- BY
- autoadmin
- July 27, 2023
អង្គការណាតូនិយាយថា ខ្លួនកំពុងពង្រឹងសកម្មភាពឃ្លាំមើល និងឈ្លបយកការណ៍នៅក្នុងតំបន់សមុទ្រខ្មៅ បន្ទាប់ពីរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលអនុញ្ញាតការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែន។ ក្រុមប្រឹក្សាណាតូ-អ៊ុយក្រែន បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃពុធ តាមសំណើរបស់អ៊ុយក្រែនសម្រាប់ការពិគ្រោះយោបល់អំពីវិបត្តិនេះ។ សមាជិកចូលរួមបានពិភាក្សាគ្នាអំពីការវាយប្រហារម្តងហើយម្តងទៀតរបស់រុស្ស៊ី លើទីក្រុងកំពង់ផែ Odesa និងកន្លែងផ្សេងទៀត បន្ទាប់ពីការដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនោះ។ ទាំងណាតូ និងអ៊ុយក្រែន បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ទីក្រុងម៉ូស្គូ។
![]()
ក្រុមប្រឹក្សានេះបានកត់សម្គាល់ថា ការព្រមានថ្មីៗរបស់រុស្ស៊ីលើកប៉ាល់ដែលឆ្លងកាត់សមុទ្រខ្មៅ បានបង្កើតហានិភ័យថ្មីចំពោះសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រខ្មៅ។ ក្រុមប្រឹក្សាបាននិយាយថា អង្គការណាតូ និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងបង្កើនសកម្មភាពយាមល្បាតដែនសមុទ្ររបស់ពួកគេនៅក្នុងតំបន់ដោយប្រើយន្តហោះ និងយន្តហោះគ្មានមនុស្សបើក។ ចំណែកទីក្រុងមូស្គូបាននិយាយមុននេះថា ខ្លួននឹងចាត់ទុករាល់កប៉ាល់ដែលធ្វើដំណើរទៅកាន់កំពង់ផែសមុទ្រខ្មៅ គឺជាកាប៉ាល់របស់យោធា៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






