ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះវិញ ក្រោយចំណាយពេល ១ឆ្នាំ នៅក្នុងពន្ធនាគារ

    BY autoadmin July 28, 2023
    លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះវិញ ក្រោយចំណាយពេល ១ឆ្នាំ នៅក្នុងពន្ធនាគារ

    បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះ បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនលោកស្រី តាំងតែពីរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១។ ប្រភពពីពន្ធនាគារបានប្រាប់ថា លោកស្រី ស៊ូជី ត្រូវបាននាំទៅកាន់អគាររដ្ឋាភិបាលក្នុងទីក្រុងណៃពិដោ កាលពីថ្ងៃចន្ទដើមសប្ដាហ៍។ អតីតមេដឹកនាំអាយុ ៧៨ឆ្នាំរូបនេះ បានចំណាយពេលមួយឆ្នាំនៅក្នុងការឃុំឃាំងតែម្នាក់ឯង មុនការផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះ ក្រោយតុលាការយោធាបានកាត់បិទទ្វារកាត់ក្តីឱ្យគាត់ជាប់ពន្ធនាគាររយៈពេល ៣៣ឆ្នាំ។


    គ្មានការបញ្ជាក់ណាមួយអំពីការផ្ទេរលោកស្រីចេញពីពន្ធនាគារនោះទេ ប៉ុន្តែការផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះអាចជាសញ្ញាវិជ្ជមានពីអាជ្ញាធរ ដែលបានប្រឈមមុខនឹងការអំពាវនាវជាច្រើន ដើម្បីដោះលែងមេដឹកនាំដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរូបនេះ។ មានពាក្យចចាមអារ៉ាមបាននិយាយថា លោកស្រី ស៊ូជី ​មាន​ជំងឺ ប៉ុន្តែ​យោធា​បាន​បដិសេធ​របាយការណ៍​នោះ។ កាលពីដើមសប្តាហ៍នេះ ប្រភពពីពន្ធនាគារណៃពិដោ ដែលគាត់កំពុងត្រូវបានឃុំខ្លួន បានប្រាប់ថា គាត់មានសុខភាពល្អធម្មតាទេ។ រដ្ឋមន្ត្រីការបរទេសថៃក៏បានបង្ហើបក្នុងខែនេះថា លោកបានទៅសួរសុខទុក្ខលោកស្រី ស៊ូជី ប៉ុន្តែលោកមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: