សភាថៃនឹងអូសបន្លាយការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី រហូតដល់ថ្ងៃទី០៤ ខែសីហា
- BY
- autoadmin
- July 28, 2023
សភារបស់ប្រទេសថៃគ្រោងនឹងមកអង្គុយរួមគ្នាម្ដងទៀត នៅថ្ងៃទី០៤ ខែសីហា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ខណៈដែលភាពជាប់គាំងនយោបាយបានបន្ដអូសបន្លាយ ក្រោយការបោះឆ្នោតជាតិក្នុងខែឧសភា។ ប្រទេសថៃនៅតែមិនទាន់រកឃើញនាយករដ្ឋមន្ត្រីទី៣០ របស់ពួកគេទេ ក្រោយការប៉ុនប៉ងចំនួន ២លើក ដោយគណបក្សឆ្ពោះទៅមុខ ដែលមានលោក Pita Limjaroenrat ជាបេក្ខភាពនាយករដ្ឋមន្ត្រី ត្រូវបានរារាំងដោយសមាជិកសភាអភិរក្សនិយម និងយោធា។

ភឿថៃ ដែលជាគណបក្សមានការគាំទ្រច្រើនជាងគេទី២ ពីពលរដ្ឋថៃ និងជាផ្នែកមួយនៃគណបក្សសម្ព័ន្ធទាំង ៨ ត្រូវបានគេរំពឹងថា នឹងឈរឈ្មោះសម្រាប់តំណែងនាយករដ្ឋមន្ត្រី បន្ដពីលោក Pita Limjaroenrat។
គួរឱ្យដឹងដែរថា គណបក្សឆ្ពោះទៅមុខបានឈ្នះនៅក្នុងការបោះឆ្នោតជាតិ លើគណបក្សដែលគាំទ្រដោយយោធា ដែលបានគ្រប់គ្រងនយោបាយថៃស្ទើរតែមួយទសវត្សរ៍ចុងក្រោយនេះ។ ប៉ុន្តែព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយយោធា និងគូប្រជែងមកពីស្ថាប័នអភិរក្សនិយម និងរាជានិយម បានព្យាយាមរារាំងលោក Pita មិនឱ្យបានក្លាយជានាយករដ្ឋមន្ត្រីថ្មីទេ ដោយសារគោលនយោបាយកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ និងបន្ថយអំណាចព្រឹទ្ធសភានៅក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីរបស់គាត់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






