សង្ស័យទុស្សេខ្សែភ្លើង! ភោជនីយដ្ឋានពន្លឺថ្មី ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតទាំងស្រុងនិងទ្រព្យសម្បត្តិជាច្រើនទៀត ស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី
- July 28, 2023
ខេត្តរតនគិរី៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ យោងតាមសេចក្ដីរាយការណ៍ពី មន្ទីរព័ត៌មានខេត្តរតនគិរី បានឱ្យដឹងថា ភោជនីយដ្ឋានពន្លឺថ្មី ដែលមានទីតាំងស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ត្រូវអគ្គិភ័យឆាបឆេះបណ្តាលឲ្យខូចខាតទាំងស្រុងនិងទ្រព្យសម្បត្តិអស់ជាច្រើនទៀត ដោយសង្ស័យជាករណីទុស្សេខ្សែភ្លើង។

ទោះបីមានការអន្តរាគមន៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានយ៉ាងណាក៏ដោយមិនអាចពន្លត់អគ្គិភ័យឆាបឆេះភោជនីយដ្ឋានពន្លឺថ្មីបានដែរ។
បើតាមការរៀបរាប់របស់ ម្ចាស់ហាងពន្លឺថ្មី ឈ្មោះ ងួន ចាន់ទ្រី បានប្រាប់ឲ្យដឹងថា ខណៈពេលដែលគាត់កំពុងដេកលង់លក់ក្នុងបន្ទប់ក្នុងភោជនីយដ្ឋានកើតហេតុនេះ ស្រាប់តែមានអ្នកនៅជាមួយគាត់ម្នាក់ទៀត មកដាស់គាត់ថាមានភ្លើងឆេះហាងនៅវេលាប្រហែលម៉ោង២៣៖៣០នាទីយប់ នៅថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។ គាត់បន្តថាខណៈនោះគាត់មានការតក់ស្លុតយ៉ាងខ្លាំងរត់ចេញមកក្រៅទាំងគ្មានសំលៀកបំពាក់ត្រឹមត្រូវផងដូច្នេះសម្ភារៈមានតម្លៃ និងលុយមួយចំនួនធំត្រូវអគ្គិភ័យលេបត្របាក់អស់ហើយ។
ម្ចាស់ហាងខាងលើបញ្ជាក់ទៀតថា បានបាត់ម៉ូតូ ១គ្រឿង ម៉ាកស៊ូមមើពាក់ស្លាកលេខរតនគិរី ២៥៧២(ពណ៌ក្រហមលាយស) ក្នុងចំណោម ៣គ្រឿង ហើយទ្វារម្ខាងក្នុងហាងដែលគាត់ចាក់សោពីខាងក្នុងពេលគាត់ស្ទុះចេញក្រៅហាងទ្វារដែលចាក់សោនោះអត់ឃើញមានសោ។ ទន្ទឹមនឹងហេតុការណ៍គួរឲ្យសោកសង្រេងនេះដែរ ងួន ចាន់ទ្រី ដែលជាម្ចាស់ភោជនីយដ្ឋានពន្លឺថ្មីសំណូមពរឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូដែលបាត់នោះ នឹងដឹងតម្រុយហើយ។
បើតាមមន្ត្រីនគរបាលពន្លត់អគ្គិភ័យនៃស្នងការនគរបាលខេត្តរតនគិរី បានប្រាប់ឲ្យដឹង នៅព្រលឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះថា កម្លាំងអន្តរាគមន៍ប្រើប្រាស់ឡានទឹកអស់ជាង ៤០ឡានមកហើយ រហូតមកដល់វេលាម៉ោងជាង ៨ ទៅហើយនៅតែគ្រប់គ្រងស្ថានការណ៍មិនទាន់បាននៅឡើយទេ ដោយសារភោជនីយដ្ឋានពន្លឺថ្មីមានស្ថានភាពស្មុគស្មាញពិបាកឡានទឹកចូល។ ក្រុមមន្ត្រីនគរបាលពន្លត់អគ្គិភ័យខាងលើបានសន្និដ្ឋានហេតុការណ៍ខាងលើនេះមូលហេតុសង្ស័យទុស្សេខ្សែភ្លើង៕








ប្រភព៖ Kanharith Khieu
- Share This Post:






