ព័ត៌មានជាតិ

ស្នងការខេត្តសៀមរាប បដិសេធទាំងស្រុងចំពោះករណីដែលថា «កូនស្រីមន្ត្រីមានឥទ្ធិពលម្នាក់ បុ.កគេបាក់ជើងរបួសធ្ងន់ធ្ងរ តែប៉ូលិសចរាចរណ៍ឱ្យជនសង្ស័យគេចខ្លួន គ្មានអ្នកជួយដោះស្រាយ»

BY
Khmernote Media
July 29, 2023

ខេត្តសៀមរាប៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងសាធារណជន មេត្តាជ្រាបថា៖ នាពេលថ្មីៗនេះ មានផេកសារព័ត៌មានឈ្មោះ FireBuzz និងផេកសារព័ត៌មានផ្សេងៗទៀត បានបង្ហោះចំណងជើង ដែលមានខ្លឹមសារថា «កូនស្រីមន្ត្រីមានឥទ្ធិពលម្នាក់ បុកគេបាក់ជើងបាក់ដៃស្ទើរស្លាប់ស្ទើររស់ ហើយជនសង្ស័យ ប៉ូលិសចរាចរណ៍ឲ្យគេចខ្លួន គ្មានអ្នកជួយដោះស្រាយ។ »

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបដិសេធទាំងស្រុង ចំពោះការចុះផ្សាយបែបនេះ ដោយស្នងការខេត្ត បានបញ្ជាក់ហេតុការណ៍យ៉ាងដូច្នេះ៖

ជាក់ស្ដែងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១២៖១៥ នាទី នៅត្រង់ចំណុច នៅលើផ្លូវរុក្ខវិថីព្រះសីហនុ (ស្តុបសារមន្ទីរជាតិអង្គរ) ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប រវាងរថយន្ត Mercedes ពណ៌ស ផ្លាកលេខ រដ្ឋ362.0245 និងម៉ូតូ Scoopy ពណ៌ក្រហម ផ្លាកលេខ សៀមរាប IN-7888 បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសស្រាល និងខូចខាតម៉ូតូស្រាល ហើយអ្នកបើកបររថយន្តមិនបានគេចខ្លួនចេញពីកន្លែងកើតហេតុ ដូចដែលខ្លឹមសាររបស់សារព័ត៌មានខាងលើចុះផ្សាយនោះទេ។

ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបដិសេធទាំងស្រុង ចំពោះករណីបញ្ហាគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាលខាងលើនេះ ភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងរួចរាល់ នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប។ អាស្រ័យហេតុនេះ សូម លោកនាយក ផេកសារព័ត៌មាន FireBuzz ជួយកែតម្រូវនូវខ្លឹមសារដែលបានចុះផ្សាយ ដើម្បីជៀសវាងកុំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់កងកម្លាំង ៕

ប្រភព៖ សូមធ្វើការបដិសេធទាំងស្រុង ចំពោះករណី

Share This Post: