ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្ទុះឃ្លាំងស្តុកទំនិញមួយនៅក្នុងប្រទេសថៃ បានបណ្ដាលឱ្យមនុស្ស ១២នាក់ បាត់បង់ជីវិត និង ១២១ នាក់ផ្សេងទៀតរងរបួស

    BY autoadmin July 31, 2023
    ផ្ទុះឃ្លាំងស្តុកទំនិញមួយនៅក្នុងប្រទេសថៃ បានបណ្ដាលឱ្យមនុស្ស ១២នាក់ បាត់បង់ជីវិត និង ១២១ នាក់ផ្សេងទៀតរងរបួស

    ឃ្លាំងស្តុកទំនិញនៅជិតផ្សារមួយកន្លែង នៅក្នុងស្រុក Sungai Padi ខេត្ត Narathiwat បានបំផ្ទុះកាលពីល្ងាចថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្ស ១២ នាក់ និងធ្វើឱ្យមានអ្នករងរបួស ១២១ នាក់ផ្សេងទៀត។ គិត​ត្រឹម​ថ្ងៃ​អាទិត្យ អ្នក​របួស​ចំនួន ១១១​នាក់ ​ត្រូវ​បានរំសាយចេញពី​មន្ទីរ​ពេទ្យ។ នៅក្នុង​ចំណោម​អ្នក​ស្លាប់ទាំងអស់ ​មានសពចំនួន ​៧​ ​ត្រូវបានគ្រួសារមកទទួល, សពចំនួន ​២ ​ត្រូវ​បាន​បូជា ​និងសពចំនួន ២​ ទៀត ​មិនទាន់​​ស្គាល់​អត្តសញ្ញាណ ខណៈ​អាជ្ញាធរ​មិន​ទាន់​បង្ហាញ​ព័ត៌មាន​អំពី​សព​ទី​១២ ​នៅឡើយ​ទេ ។

    ការស៊ើបអង្កេតដំបូងបានបង្ហាញថា ការផ្ទុះនេះអាចបណ្តាលមកពីការរក្សាទុកកាំជ្រួច ឬគ្រឿងផ្ទុះដោយខុសច្បាប់។ អភិបាលខេត្ត Narathiwat លោក Sanan Phong-aksorn បានព្រមានថា នឹងមានចំណាត់ការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ចំពោះអ្នកដែលទទួលខុសត្រូវលើករណីនេះ ហើយសង្ឃឹមថា វានឹងក្លាយជាមេរៀន ដើម្បីទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានេះនាពេលអនាគត។

    ក្រុម​សង្គ្រោះ​បន្ទាន់​បាន​និង​កំពុង​ធ្វើ​ការ ​ដើម្បី​ជួយ​អ្នក​ដែល​រង​ផល​ប៉ះពាល់ ខណៈ​អាជ្ញាធរ​ខេត្ត​បាន​បញ្ជា​ឱ្យ​មន្ទីរពេទ្យ​ទាំងអស់ត្រូវបើកទ្វាររង់ចាំជនរងគ្រោះ។ មជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិក៏ត្រូវបានបង្កើតឡើងផងដែរ ដើម្បីសម្របសម្រួលប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយសង្គ្រោះដល់អ្នកដែលរងផលប៉ះពាល់។ ពួកគេក៏​បាន​អំពាវនាវ​ឱ្យមាន​ការ​បរិច្ចាគ​អាហារ និង​ទឹក​ផង​ដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: