ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តកែប ផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទ នៅផ្លូវជាតិលេខ 33A ចាប់ពីរង្វង់មូលសេះស-ឆ្នេរលេងទឹក-ផ្សារដំណាក់ចង្អើរ

BY
Khmernote Media
July 31, 2023

ខេត្តកែប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ផ្លូវជាតិលេខ 33A (រង្វង់មូលសេះស-ឆ្នេរលេងទឹក-ផ្សារដំណាក់ចង្អើរ) ក្នុងខេត្តកែប ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀង។

នៅរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះក្នុងភូមិសាស្ត្រខេត្តកែប បានទទួលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំង ជោគជាំ ជាបន្តបន្ទាប់ធ្វើឲ្យផ្លូវជាតិ និងផ្លូវខេត្ត មួយចំនួនត្រូវរងនូវជំនន់ទឹកភ្លៀងហូរកាត់ និងជន់លិចដោយកន្លែង។ ដោយឡែកនៅតាមបណ្ដោយតាមផ្លូវជាតិលេខ៣៣ ចាប់ពីរង្វង់មូលសេះស កាត់តាមឆ្នេរលេងទឹក រហូតដល់ផ្សារដំណាក់ចង្អើរ មានករណីជំនន់ទឹកភ្លៀងលិចលង់ ហូរឆ្លងកាត់កំណាត់ផ្លូវជាតិនេះស្ទើរតែទាំងស្រុង។

ដូចនេះ ដើម្បីការពារតួផ្លូវកុំឱ្យរងការខូចខាតធ្ងន់ធ្ងរ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សូមធ្វើ ការផ្អាកចរាចរណ៍បណ្តោះអាសន្នចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទធ្វើដំណើរ ឆ្លងកាត់ផ្លូវជាតិលេខ៣៣អា ខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់អាកាសធាតុមានសភាពល្អប្រសើរឡើងវិញ។ ដោយឡែកសម្រាប់រថយន្តគ្រួសារ ត្រូវធ្វើចរាចរណ៍ដោយគោរពទៅតាមផ្លាក សញ្ញាចរាចរណ៍បង្ហាញទិសដៅ។

អាស្រ័យដូចបានជម្រាបជូនខាងលើ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប សង្ឃឹមយ៉ាងមុតមាំ ថាសាធារណៈជន និងម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទដែលធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ ៣៣អា ខាងលើ យោគយល់ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប

Share This Post: