ព័ត៌មានជាតិ

ឯកឧត្តម ស៊ិន ចាន់សិរីវត្ថា បញ្ជាក់ថា ពុំមានការធ្វើដំណើរដោយមិនគិតប្រាក់មុនថ្ងៃបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឡើយ

BY
Khmernote Media
July 31, 2023

ខេត្តសៀមរាប៖ នៅថ្ងៃទី៣១ ខែកក្កដា​ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ មានសារព័ត៌មាន ក៏ដូចជាអ្នកលេងក្នុងបណ្ដាញសង្គមមួយចំនួន បានបង្ហោះថា នឹងមានការធ្វើដំណើរតាមយន្តហោះដោយមិនគិតថ្លៃរយៈពេល ១០ថ្ងៃ អំឡុងពេលបើកសាកល្បងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ខាងមុខនៅ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

តាមការបំភ្លឺរបស់ ឯកឧត្តម ស៊ិន ចាន់សិរីវត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីចុងសប្ដាហ៍នេះ បានបញ្ជាក់ថា សេចក្ដីជូនដំណឹងលេខ ១៤៤៣ រ.ល.អ.ស. របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ស្ដីពីការចាប់ផ្ដើមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បង្ហាញថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ដំណេញ។ នៅចំណុចនេះ ពុំមានន័យថា ផ្តល់ឱ្យអ្នកដំណើរជិះដោយឥតគិតថ្លៃនោះទេ។

ឯកឧត្តម ស៊ិន ចាន់សិរីវត្ថា បញ្ជាក់បន្ថែមថា ក្នុងពេលបើកសាកល្បងនៅដើមខែតុលាខាងមុខ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងអនុញ្ញាតដល់យន្តហោះ ដែលចុះចតមិនស្វែងរកប្រាក់ចំណេញ ដូចជាការចុះចតសម្រាប់យន្តហោះ VIP, ប្រភេទយន្តហោះសម្រាប់បណ្តុះបណ្តាលដល់អ្នកបើកយន្តហហោះថ្មី និងការហោះហើរសាកល្បងបច្ចេកទេសជាដើម។ ហេតុដូច្នេះ សូមសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានា កុំមានការយល់ច្រឡំ ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប​

Share This Post: