ជប៉ុនកំពុងព្រមានអំពីហានិភ័យនៃជំងឺសន្លប់ដោយសារកម្តៅ ខណៈរលកកម្តៅបានវាយប្រហារតំបន់ជាច្រើននៅក្នុងប្រទេស
ជប៉ុនបានជួបប្រទះនឹងកម្ដៅដ៏ក្ដៅគគុកនៅទូទាំងប្រទេសនៅថ្ងៃចន្ទនេះ ខណៈដែលសីតុណ្ហភាពបានកើនឡើងដល់ ៣៥ អង្សាសេ នៅតំបន់ជាច្រើននៅភាគខាងកើត និងខាងជើងរបស់ប្រទេស។ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា សម្ពាធបរិយាកាសខ្ពស់ដែលគ្របដណ្តប់តំបន់ជុំវិញប្រទេសជប៉ុន គឺជាហេតុផលដែលសីតុណ្ហភាពបានបន្តកើនឡើងចាប់តាំងពីពេលព្រឹក។ គិតត្រឹមម៉ោង ១១ ព្រឹក សីតុណ្ហភាពបានឡើងដល់ ៣៧.៧ អង្សាសេ នៅទីក្រុង Hatoyama ក្នុងខេត្ត Saitama ក្បែរទីក្រុងតូក្យូ, ៣៧.១ អង្សាសេ នៅ Date City ក្នុងខេត្ត Fukushima និង ៣៥.១ អង្សាសេ នៅកណ្តាលទីក្រុងតូក្យូ។

មន្ត្រីនៃទីភ្នាក់ងារឧតុនិយម និងក្រសួងបរិស្ថាន បានព្រមានថា ហានិភ័យនៃមនុស្សសន្លប់ដោយសារកម្តៅ (heatstroke) គឺមានភាគរយខ្ពស់ខ្លាំងណាស់។ ពួកគេបានចេញការជូនដំណឹងអំពីហានិភ័យសន្លប់ដោយសារកម្តៅ សម្រាប់ទីក្រុងតូក្យូ ក្យូតូ និងខេត្តចំនួន ១៧ ផ្សេងទៀត នៅទូទាំងប្រទេស។ មន្ត្រីឧតុនិយមជប៉ុនបាននិយាយថា កម្ដៅទំនងជាបន្តរហូតដល់ថ្ងៃសុក្រ ក្នុងតំបន់ពីភាគខាងជើងទៅភាគខាងលិចប្រទេសជប៉ុន។ បច្ចុប្បន្នចំនួនអ្នកកើតជំងឺសន្លប់ដោយសារកម្តៅបានកើនឡើង ហើយមនុស្សជាច្រើននាក់បានស្លាប់ដោយសារជំងឺនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK