អន្តរជាតិ

ប្រទេសចិនប្រកាសនឹងដាក់ការត្រួតពិនិត្យការនាំចេញដ្រូនគ្មានមនុស្សបើក និងឧបករណ៍ពាក់ព័ន្ធរបស់វា

BY
autoadmin
August 2, 2023

ប្រទេសចិនបានប្រកាសថា ខ្លួនកំពុងដាក់ការត្រួតពិនិត្យការនាំចេញដ្រូនគ្មានមនុស្សបើកដែលមានសមត្ថភាពខ្ពស់ និងឧបករណ៍ពាក់ព័ន្ធដើម្បីការពារសន្តិសុខ និងផលប្រយោជន៍ជាតិ។ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន និងអាជ្ញាធរផ្សេងទៀត បានប្រកាសកាលពីថ្ងៃចន្ទថា វិធានការនេះនឹងចូលជាធរមានសម្រាប់រយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដោយផ្អែកលើច្បាប់ត្រួតពិនិត្យការនាំចេញ។ ដ្រូនគ្មានមនុស្សបើក រួមទាំងដ្រូនដែលអាចហោះហើរជាប់រយៈពេល ៣០ នាទី ឬយូរជាងនេះ និងមានទម្ងន់ ៧ គីឡូក្រាម ឬច្រើនជាងនេះ នៅពេលហោះឡើងនឹងត្រូវទទួលការរឹតបន្ដឹងនេះ។

អ្នកនាំចេញនឹងត្រូវបង្គាប់ឱ្យរាយការណ៍អំពីអតិថិជន និងគោលបំណងរបស់ពួកគេ ក៏ដូចជាការអនុញ្ញាតពីរដ្ឋាភិបាល ហើយវានឹងមិនអាចនាំចេញសម្រាប់គោលបំណងយោធាឡើយ។ ជម្រាបដែរថា ដ្រូនគ្មានមនុស្សបើករបស់ចិន ដែលប្រើប្រាស់ដោយជនស៊ីវិលធម្មតា គឺមានច្រើនជាង ៧០% នៃចំនួនដ្រូនសរុបរបស់ពិភពលោក។ ចំណែករដ្ឋាភិបាលអាមេរិកបានចោទថា ប្រទេសចិនបាននាំចេញដ្រូនគ្មានមនុស្សបើក និងគ្រឿងបន្លាស់ទៅកាន់ប្រទេសរុស្ស៊ី ដែលកំពុងតែបន្តការលុកលុយយោធារបស់ខ្លួនលើអ៊ុយក្រែន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: