រយៈពេល ៣ថ្ងៃនេះ បេសកកម្មស្វែងរកនារីម្នាក់ដែលបានបាត់ខ្លួននៅតំបន់ទឹកធ្លាក់ឪម៉ាល់ ពុំទាន់រកឃើញនៅឡើយទេ
- August 2, 2023
ខេត្តកំពត៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ យោងតាមសេចក្ដីរាយការណ៍របស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា គិតមកដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ គឺជាថ្ងៃទីបីហើយសម្រាប់បេសកម្មស្វែងរកនារីម្នាក់ដែលបានបាត់ខ្លួនដោយសារទឹកជ្រោះហូរកួចយកទៅ ក្រោយពេលទៅបោះតង់កម្សាន្តនៅតំបន់ទឹកធ្លាក់ជ្រោះឪម៉ាល់ កាលពីថ្ងៃទី៣០ ខែកក្កដា ស្ថិតក្នុងឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ហើយពុំទាន់បានរកឃើញនៅឡើយ។

បើយោងតាមការបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅល្ងាចថ្ងៃទី០១ ខែសីហានេះ បានសរសេរថា «បេសកម្មថ្ងៃទីបីក្នុងការស្វែងរកប្អូនស្រីខួចនៅលើជ្រោះឱម៉ាល់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣»។ ក្នុងបេសកម្មស្វែងរកនារីដែលបានបាត់ខ្លួននេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដោយមានកិច្ចសហការរវាងអធិការដ្ឋានក្រុងបូកគោ ស្រុកទឹកឈូ រួមជាមួយអាជ្ញាធរមូលដ្ឋាន ដែលប្រើប្រាស់កម្លាំងប្រមាណជាង ១០០នាក់។
ទោះជារយៈពេលបីថ្ងៃមកហើយ នៅតែស្វែងរកមិនឃើញក៏កម្លាំងសមត្ថកិច្ចមិនបោះបង់ការស្វែងរកឡើយ ទោះអាកាសធាតុនៅតែមិនអំណោយផល ដោយសារភ្លៀងធ្លាក់ជាប់ជានិច្ច ហើយប្រតិបត្តិការណ៍ស្វែងរកនេះនៅតែបន្តទៀត៕









ប្រភព៖ Kanharith Khieu
- Share This Post:






