សម្តេចតេជោ ហ៊ុន សែន លើកឡើងថា មានមូលហេតុ៤ ដែលសម្ដេចសម្រេចចាកចេញ និងលាលែងពីតំណែងនាយករដ្ឋមន្រ្តី
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា មានមូលហេតុ ៤ ដែលសម្ដេចសម្រេចចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយ ទី១. ការផ្ទេរតំណែងនៅពេលនេះ គឺមានស្ថេរភាព និងសុវត្ថិភាព ជាងពេលដែលយើងចាស់ ឬស្លាប់។ ទី២. ក្រុមយុវជនបន្តវេនបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីទទួលអម្រែកបន្តពីថ្នាក់ដឹកនាំជំនាន់មុន រួចហើយ។ ទី៣. ជំនាន់ចាស់ចាកចេញពីតំណែងដឹកនាំ ប៉ុន្តែមិនមែនចាកចេញពីឆាកនយោបាយទេ និង ទី៤. សភាពការណ៍គ្រប់ផ្នែកអនុគ្រោះឱ្យក្រុមបន្តវេនអាចចេញដំណើរបាន។ ការលើកឡើងរបស់សម្ដេចចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជិត ៥៣គីឡូម៉ែត្រ និងទទឹង២២ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ភ្ជាប់ទៅផ្លូវជាតិលេខ១ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទី១ ការផ្ទេរនាពេលនេះមានស្ថិរភាព និងសុវត្ថិភាពជាងពេលដែលយើងចាស់ ឬស្លាប់ ហើយវាមិនមែនជា ការល្អទេប្រសិនជាយើងចាស់ពេក ឬយើងស្លាប់មុនការផ្ទេរអំណាច។ សម្តេចតេជោបានថ្លែងបញ្ជាក់ថា៖ «តើមានមនុស្សប៉ុន្មាននាក់ទៅនៅកម្ពុជាកាលពីសម័យដើមរហូតមកបច្ចុប្បន្ន ដែលធ្លាប់បានលះបង់អំណាចយុវជនដូចរូបខ្ញុំ។ ក្នុងពេលដែលខ្ញុំនៅមានលទ្ធភាពអាចធ្វើនាយករដ្ឋមន្ត្រីបាន ៥ ឆ្នាំ ឬ១០ឆ្នាំទៀត។ មានសំណួរជាច្រើនសួរថាក្រោយហ៊ុនសែន ជានរណា។ ឥឡូវយើងដាក់ចេញជាសំណួរទៅ វិញថាប្រសិនជាខ្ញុំស្លាប់ថ្ងៃនេះ ឬថ្ងៃស្អែក ឬឆ្នាំក្រោយ។ តើមានរឿងអ្វីនឹងកើតឡើងនៅពេលនោះ ។ បើយើងមិនបានត្រៀមរៀបចំសម្រាប់អ្នកបន្តវេន។»
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានរម្លឹកផងដែរថា យើងពិតជាគោរពទៅដល់ព្រះរាជ្យតម្រិះរបស់ព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គបានដាក់រាជ្យ និងផ្ទេររាជសម្បត្តិទៅព្រះរាជបុត្ររបស់ព្រះអង្គ ហើយប្រាំពីរឆ្នាំមុនពេលដែលព្រះអង្គ សោយទីវង្គត និងអាចនិយាយបានថានេះគឺជាព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់អតីតព្រះមហាក្សត្រ។
សម្តេចតេជោបន្តថា បទពិសោធន៍នេះវាក៏បានផ្ដល់មេរៀនដល់សម្ដេចឱ្យយកគំរូនៃការបន្តវេននេះឱ្យយុវជនជំនាន់ក្រោយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
សម្តេចតេជោលើកឡើងថា៖ «ប្រសិនខ្ញុំស្លាប់នៅក្នុងពេលដែលខ្ញុំកាន់តំណែងជា នាយករដ្ឋមន្ត្រី តើអ្នកណាជាអ្នករៀបចំគណៈរដ្ឋមន្ត្រី។ ក្នុងពេលដែលយើងមានច្បាប់រដ្ឋធម្មនុញ្ញបានកំណត់ថា ប្រសិនបើតំណែងនាយករដ្ឋ មន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ។ នេះវាជាការស្មើនឹងការរំលាយគណៈរដ្ឋមន្ត្រី គឺរំលាយរដ្ឋាភិបាលតែម្ដង។ ប៉ុន្តែយើងបានកែររដ្ឋធម្មនុញ្ញនេះទាន់ពេលគឺពេលដែលនាយករដ្ឋមន្ត្រីស្លាប់ នាយករដ្ឋមន្ត្រីស្តីទីដែលត្រូវបានកំណត់ និងបែងចែកភារកិច្ចនោះនឹងត្រូវដឹក នាំរាជរដ្ឋាភិបាលបន្តរហូតមានរដ្ឋាភិបាលថ្មីមួយចូលមកជំនួស។ ដូច្នេះប្រសិនជាមានការប្រជែងតំណែងនាយករដ្ឋមន្ត្រីនៅក្នុងបក្សតើវានឹងមានអ្វីកើតឡើង វាអាចមានការបង្ហូរ ឈាមទៀតផងព្រោះតំណែងនាយករដ្ឋមន្ត្រីអ្នកណាក៏ចង់បានដែរ»។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ដទៀតថា ដូចនេះការផ្ទេរតំណែងឱ្យយុវជនតែម្ដងគឺបង្ហាញថាយើងមានសេចក្តីសុខទាំងអស់គ្នា ហើយអ្នករួមដំណើរ ជាមួយនឹងក្រុមយុវជនវ័យក្មេង និងបន្តថែរក្សានូវសុខសន្តិភាពចំណុចនេះគឺជាចំណែកសំខាន់ណាស់។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទី២ ជំនាន់ក្រោយបញ្ចូលមកដឹកនាំគណៈរដ្ឋមន្រ្តីនៅពេលពួកគេបានរៀបចំខ្លួនបានយ៉ាងល្អ ហើយពួកគេមកទទួលអម្រែកពីពួកយើងជាមនុស្សចាស់សម្រាប់ដំណាក់កាវែង ហើយពួកគេមិនមែនជាក្មេងទៀតទេ។ សម្ដេចតេជោអះអាងថា៖ «បើប្រៀបធៀបជាមួយខ្ញុំ ខ្ញុំកាន់អំណាចនៅពេលដែលខ្ញុំចូលធ្វើនាយករដ្ឋមន្ត្រីគឺខ្ញុំមានអាយុត្រឹមតែ ៣២ ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ ហ៊ុន ម៉ាណែត មានអាយុរហូតដល់៤៦ ឆ្នាំ។ បានន័យថា អាយុច្រើនជាងខ្ញុំ ១៤ ឆ្នាំ ពួក គេបានទៅហ្វឹកហាត់គ្រប់គ្រាន់ហើយ»។ សម្ដចតេជោថ្លែងឱ្យដឹងថា ក្រុមវ័យក្មេងរបស់យើងបានដាក់បញ្ចូលទៅជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយូរហើយ ដូចជាឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្ដម ហង់ ជួន ណារ៉ុង, ឯកឧត្ដម សាយ សំអាល់, ឯកឧត្ដម ឌិត ទីណា, ឯកឧត្ដម ជា វណ្ណដេត និងមន្រ្តីវ័យក្មេងជាច្រើនទៀតបាននៅអមជារដ្ឋលេខាធិការរួចទៅហើយ។ ក្រៅពីនោះយើងនៅមានរដ្ឋមន្ត្រីមួយចំនួនទៀតដូចជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមិនធ្វើការដោះដូរទេ ។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ចំណែកទីបី ជំនាន់ចាស់មិនទាន់ចាកចេញពីឆាកនយោបាយទេ ដែលសម្ដេចនៅតែជាប្រធានគណបក្សកាន់អំណាចអមដោយអនុប្រធានគណបក្ស៤ រូប។ សម្តេចតេជោបានគូសបញ្ជាក់ផងដែរថា សម្តេចមិនព្យា យាមទៅលើការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីថ្មីឬរដ្ឋមន្ត្រីនៅតាមស្ថាប័ននោះទេនិយាយជារួមយើងនឹងមិនព្យាយាមជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនោះឡើយ។ ចំពោះមូលហេតុទី៤ សភាពការណ៍អនុញ្ញាតឱ្យក្រុមយុវជនចេញបន្តវេនហើយ ។ ត្រង់ចំណុចនេះ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា៖ «យើងបានរៀបចំសេនារីយោនៅមុនបោះឆ្នោតថាប្រសិនជាសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជា ទទួលបានក្រោម ៧៤ ភាគរយ គឺសម្តេចនឹងបន្តដឹកនាំរាជរដ្ឋាភិបាល។ ប៉ុន្តែសន្លឹកឆ្នោតនាពេលនេះបានបង្ហាញច្បាស់ថាប្រជាជនគាំទ្រ ហ៊ុន ម៉ាណែត ។ ដូចនេះ វាដល់ពេលហើយដែលក្រុមយុវជនបន្តវេនចូលកាន់តំណែងហើយ»៕

ប្រភព៖ ក្រសួងព័ត៌មាន