ជើងយន្តហោះរបស់ចិន ផ្អាកការហោះហើរពេញមួយថ្ងៃ និងខាតប្រាក់អស់ ២០,០០០ដុល្លារអាមេរិក ដោយសារអ្នកដំណើរបោះកាក់ចូលស្លាបយន្តហោះ សុំសេចក្តីសុខមិនហោះហើរ
ប្រជាជនចិនហាក់ដូចជា នៅតែមានជំនឿលើការបោះកាក់ចូលទៅក្នុងស្លាបយន្តហោះ ដើម្បីសុំសេចក្តីសុខមុនពេលចេញដំណើរ។ ជាក់ស្តែងថ្មីៗនេះ បុគ្គលិកសន្តិសុខនៅអាកាសយានដ្ឋាន Anqing Tianzhushan ក្នុងខេត្ត Anhui បានរកឃើញកាក់ចំនួនពីរនៅលើដីក្បែរម៉ាស៊ីនខាងឆ្វេង របស់យន្តហោះ Lucky Air 8L9960 ដែលរៀបនឹងចេញដំណើរទៅទីក្រុង Kunming។ នៅពេលសួរចម្លើយអ្នកដំណើរប្រុសម្នាក់អាយុ ២៨ឆ្នាំ ដែលមានឈ្មោះថា លូ បានសារភាពថា ពិតជាបានបោះកាក់ដោយជឿជាក់ថា ពួកគេនឹងមានសុវត្ថិភាពផុតពីគ្រោះថ្នាក់ពេលហោះហើរ។
ជាការពិតកាក់នៅក្នុងម៉ាស៊ីនរបស់យន្ដហោះគឺមានគ្រោះថ្នាក់ខ្លាំងណាស់។ ដោយសារតែការព្រួយបារម្ភពីសុវត្ថិភាព ជើងហោះហើរដែលមានអ្នកដំណើរ ១៦២នាក់ មួយនេះ ត្រូវផ្អាកការហោះហើរ។ រហូតដល់ថ្ងៃបន្ទាប់ អ្នកដំណើរទាំង ១៦១ បានបន្តដំណើររបស់ខ្លួនវិញ ចំណែកបុរសដែលបោះកាក់ចូលម៉ាស៊ីនម្នាក់នោះត្រូវបានមន្ត្រីប៉ូលីសចាប់ខ្លួន។ ក្រុមហ៊ុន Lucky Air ក៏បានអះអាងថា ឧបទ្ទវហេតុនេះបានបណ្តាលឱ្យមានការខាតបង់ចំនួន ១៤០,០០០ យ័ន (២០,០០០ដុល្លារអាមេរិក) ហើយពួកគេក៏គ្រោងនឹងធ្វើការប្តឹងផ្តល់ប្រឆាំងនឹងលោក លូ ផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ shanghai