សម្ដេចក្រឡាហោម ស ខេង ថ្លែងថា ប្រជាពលរដ្ឋគូសខ្វែងសន្លឹកឆ្នោតចោល មិនទៅបោះឆ្នោតគឺគ្មានទោសពៃរ៍អ្វីនោះទេ
- August 3, 2023
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលគូសខ្វែងសន្លឹកឆ្នោតចោល មិនទៅបោះឆ្នោត គឺគ្មានទោសពៃរ៍អ្វីនោះទេ ព្រោះរាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិជូនពលរដ្ឋ ក្នុងការសម្រេចលើជោគវាសនារបស់ប្រទេសជាតិទាំងមូល។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ២ខ្នង មាន១១បន្ទប់ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរ៉ាំ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានមានប្រសាសន៍ថា សម្រាប់ពលរដ្ឋដែលទៅបោះឆ្នោតនឹងគេដែរ ប៉ុន្តែបានគូសខ្វែងសន្លឹកឆ្នោត ចោលនោះ មិនមានការយកទោសពៃរ៍អ្វីទេ។
បើតាមសម្ដេច ការបោះឆ្នោតកន្លងទៅនេះ និងការបោះឆ្នោតជាទូទៅ បើពលរដ្ឋមិនទៅបោះឆ្នោត ដោយសារមិនពេញចិត្ត ឬមិនសប្បាយចិត្តនឹងការ បោះឆ្នោត ក៏គ្មានទោសពៃរ៍អ្វីនោះដែរ។ ប៉ុន្ដែសម្ដេចក្រឡាហោមបានសង្កត់ធ្ងន់អំពីអត្រាអ្នកចេញទៅបោះឆ្នោត និងបោះឆ្នោតបានត្រឹមត្រូវ មានចំនួនច្រើន។ សម្ដេចក្រឡាហោម បានលើកឡើងអំពីអត្រាសន្លឹកឆ្នោតមិនបានការដែល គ.ជ.ប ប្រកាសថា មានជាង ៤សែនសន្លឹក ក្នុងចំណោមសន្លឹកឆ្នោតជាង ៨លានសន្លឹក ថាសន្លឹកឆ្នោតនោះ មិនមែន សុទ្ធតែជាសន្លឹកឆ្នោតគូសខ្វែងទេ ដ្បិតមានហេតុផលផ្សេងៗដូចដែលកើតមានរៀងរាល់ការបោះឆ្នោត កន្លងមក ពិសេសកង្វះការយល់ដឹងអំពីការបោះឆ្នោតរបស់ពលរដ្ឋមួយចំនួន។
ជាថ្មីម្ដងទៀត សម្ដេចក្រឡាហោមបានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត បានប្រើប្រាស់សិទ្ធិសម្ដែង នូវឆន្ទៈក្នុងនាមជាប្រជាពលរដ្ឋល្អ ចូលរួមទៅបោះឆ្នោត រហូតដល់៨៤,៥៨% ធៀបទៅនឹងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបចំនួន ៩.៧១០.៦៥៥នាក់។
សម្ដេចក្រឡាហោម ចាត់ទុកភាពជោគជ័យដ៏ត្រចះត្រចង់នេះ ថាពិតជាមិនអាច កាត់ផ្តាច់បានពីការខិតខំ ប្រឹងប្រែងរបស់អាជ្ញារធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅដោយរលូនស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានភាពភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា៕


ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






