ព័ត៌មានជាតិ

អត្តពលិកនគរបាលកម្ពុជាឈ្នះមេដាយ៦០គ្រឿង ពីព្រឹត្តិការណ៍កីឡានគរបាលពិភពលោក នៅប្រទេសកាណាដា

BY
Khmernote Media
August 4, 2023

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាករ កីឡាការិនីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធបណ្តោះអាសន្នសរុបចំនួន ៦០គ្រឿង គិតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅក្នុង​ការ​ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា។

នៅក្នុងចំណោម១៣ប្រភេទកីឡានៃក្រុមអត្តពលិកនគរបាលកម្ពុជា ក្នុងព្រឹត្តិការណ៍ពិភព​លោកនេះ គឺកម្ពុជាដណ្តើមបានមេដាយសរុប ៦០គ្រឿង ក្នុងនោះប្រភេទកីឡាចំបាប់ មេដាយ​មាស​៣ ប្រាក់៨ និងសំរឹទ្ធ ១ (សរុប១២គ្រឿង, បាល់ទះក្នុងសាល មេដាយមាស១គ្រឿង, កីឡា​ហែលទឹក មេដាយមាស ៦ ប្រាក់៦ និងសំរឹទ្ធ ៣ (សរុប ១៥គ្រឿង), វាយកូនឃ្លីលើតុ មេដាយ​មាស២ ប្រាក់៣ (៥គ្រឿង), ការ៉ាតេ មេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ២ (៨គ្រឿង), លើកទម្ងន់ មេដាយមាស ២គ្រឿង, យូដូ មេដាយប្រាក់៤ និងសំរឹទ្ធ១, បាល់ទះឆ្នេរខ្សាច់ មេដាយប្រាក់១គ្រឿង, ចំបាប់កាច់ដៃ មេដាយមាស ៧ ប្រាក់ ២ និងសំរឹទ្ធ ២ (សរុប ១១គ្រឿង)។

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានការអនុញ្ញាត ព្រមទាំងការ​ឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជា​ប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃបានដឹកនាំប្រតិភូកីឡាជានគរបាលជាតិកម្ពុជា សរុបចំនួន ៤៩នាក់ បានធ្វើដំណើរ​ទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក(World Police & Fire Games) ដែលតែងប្រារព្ធធ្វើឡើងរៀងរាល់ ២ឆ្នាំម្តង និងមានអត្តពលិក ដែលជានគរបាលមក​ពីប​ណ្តា​ប្រទេសជាង ៧០ នៅជុំវិញពិភពលោកតែងតែបានមកចូលរួម ហើយសម្រាប់​ឆ្នាំ២០២៣​នេះ ព្រឹត្តិការណ៍ប្រកួតបានប្រារព្ធធ្វើឡើងនៅទីក្រុង Winnipeg ប្រទេសកាណាដា។

ចំពោះគោលបំណងនៃការរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើង គឺដើម្បីបង្ហាញពីសាមគ្គីភាព សមត្ថភាព និងទេពកោសល្យរបស់នគរបាលនៃបណ្តាប្រទេសនីមួយៗ ក៏ដូចជាការផ្លាស់ប្តូរ និង​ចែករំលែកនូវបទពិសោធលើវិស័យកីឡាពីគ្នាទៅវិញទៅមកផងដែរ ដែលកម្មវិធីប្រកួតនឹង​ចាប់​ផ្តើម​ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ។

គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនអត្តពលិកជានគរបាលជាតិទៅចូលរួមប្រកួតចំនួន ១៣​ប្រភេទ​កីឡារួមមាន៖ កីឡាវាយសី, យូដូ, ជឺជីតស៊ូ, ការ៉ាតេ, ហែលទឹក, វាយកូនឃ្លីលើតុ, បាល់ទះ​ក្នុងសាល, បាល់ទះឆ្នេរខ្សាច់, ចំបាប់, ចំបាប់កាច់ដៃ, វាយកូនគោល, លើកទម្ងន់ Bench Press និង​កីឡាលើកទម្ងន់សរុបទាំងអស់ស្មើនឹង៧៦វិញ្ញាសា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: