ស្នងការខេត្តកណ្ដាល កោះហៅអ្នករកស៊ីប៉ះម៉ូតូឡានចល័តនៅផ្លូវជាតិលេខ១ មកធ្វើកិច្ចសន្យាអប់រំ បញ្ឈប់មុខរបររកស៊ីនៅលើស្ពានអ្នកលឿងបន្តទៀត
- August 4, 2023
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញបំភ្លឺឆ្លើយតបទៅនិងគណនីហ្វេសប៊ុកឈ្មោះ Houng Champa បានបង្ហោះវីដេអូមានខ្លឹមសារថា៖ «ធ្លាយម៉ូតូ ធ្លាយឡានលើស្ពានអ្នកលឿង វីដេអូសង្ខេបសម្រាប់ឆក់ដែកគោល វីស ដែកកាំកង់លើស្ពានអ្នកលឿង។»

ក្រោយពីទទួលបានព័ត៌មានខាងលើរួចលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដាក់បទបញ្ជាឲ្យលោកអធិការនគរបាលស្រុកលើកដែក ស្រាវជ្រាវករណីខាងលើជាបន្ទាន់។
ជាលទ្ធផល៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៩ និង ៣០នាទីព្រឹក លោកអធិការបានបញ្ជាកម្លាំងជំនាញសណ្តាប់ធ្នាប់ស្រុក រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់ និងកំពង់ភ្នំ បានស្រាវជ្រាវកោះហៅប្រជាពលរដ្ឋដែលមានមុខរបររកស៊ីប៉ះម៉ូតូឡានចល័តនៅតាមបណ្តោយផ្លូវជាតិលេខ១ ចំណុចស្ពានអ្នកលឿងមកសាកសួរបំភ្លឺរួមមាន៖
១-លោក គង់ វិបុល ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
២-លោក ហុត ធូ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
អាជ្ញាធរស្រុកលើកដែកដែលមាន លោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដាក់ផែនការដល់អាជ្ញាធរឃុំព្រែកទន្លាប់ និងឃុំកំពង់ភ្នំ និងកងកម្លាំងទាំង៣ ប្រភេទក្នុងស្រុក និងប្រជាការពារ សិក្សានុសិស្សវិទ្យាល័យកំពង់ភ្នំ ធ្វើការបោសសំអាតជាប្រចាំក្នុង ១សប្តាហ៍មាន២ថ្ងៃគឺនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ និងបានធ្វើការអប់រំដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវឲ្យចូលរួមថែរក្សានិងសំអាតបរិស្ថានចាប់ពីគល់ស្ពានរហូតដល់លើស្ពាន និងបានដាក់អំពូលសូឡាបំភ្លឺសងខាងផ្លូវចាប់ពីគល់ស្ពានអ្នកលឿងត្រើយខាងលិចរហូតដល់ព្រំប្រទល់ស្រុកកៀនស្វាយក្នុងការជួយសម្រួលនិងកាត់បន្ថយគ្រោះថ្នាក់ដល់ពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ នេះ។
ផ្លូវជាតិលេខ១ មានលំហូរចរាចរណ៍ចេញ-ចូលច្រើន ជាក់ស្តែងរថយន្តដឹកទំនិញដឹករបស់របរអេតចាយឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយដែលជាហេតុធ្វើឱ្យកំទេច កំទីដែកទាំងនោះធ្លាក់លើផ្លូវ ពិសេសចំណុចចង្អូរលកបន្ថយល្បឿន។
ចំណាត់ការ៖
-ធ្វើកិច្ចសន្យាអប់រំលើកទី១ ដល់ពួកគាត់ទាំងពីរនាក់មិនឱ្យទៅប្រកបមុខរបរប៉ះម៉ូតូ ឡានចល័តនៅលើស្ពានអ្នកលឿងបន្តទៀតទេ។
-ករណីឃើញមានពួកកាត់ទៅប្រកបមុខរបរនេះនៅលើស្ពានទៀត សមត្ថកិច្ចនឹងធ្វើការដកហូតសម្ភាររកស៊ីនេះមកកន្លែងសមត្ថកិច្ចរហូតមិនប្រគល់ជូនពួកគាត់វិញឡើយ។
-ករណីឃើញពួកគាត់ទាំងពីរ និងប្រជាពលរដ្ឋផ្សេងទៀតធ្វើសកម្មភាពបាចដែកគោល វីស និងដែកកាំកង់នៅលើស្ពាន គឺសមត្ថកិច្ចចាប់ឃាត់ខ្លួន និងកសាងឯកសារទៅតុលាការតាមនីតិវិធីច្បាប់។
-ចំពោះ ករណីខាងលើ កម្លាំងជំនាញស្រុកលើកដែក និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់ និងកំពង់ភ្នំ និងបន្តស្រាវជ្រាវ រកអ្នកផ្សេងទៀតដែលប្រព្រឹត្តល្មើសច្បាប់ដើម្បីចាត់ការទៅតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបជាព័ត៌មាន ៕



ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province
- Share This Post:






