អន្តរជាតិ

តារា Twitch ដ៏ល្បីម្នាក់ បានរងការចោទប្រកាន់ពីបទញុះញង់ឱ្យមានកុបកម្ម ក្រោយប្រកាសចែក PlayStation 5 ធ្វើឱ្យមានចលាចលនៅ​កណ្តាល​ទីក្រុង​ញូវយ៉ក

BY
autoadmin
August 5, 2023

លោក Kai Cenat ដែលជាតារា YouTube និង Twitch ដ៏ល្បីល្បាញម្នាក់ ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យមានកុបកម្ម និងធ្វើឱ្យមានភាពវឹកវរ បន្ទាប់ពីគាត់បានប្រកាសនឹងផ្ដល់ឧបករណ៍​ហ្គេម​ PlayStation 5 ទៅដល់អ្នកគាំទ្រ ដែលវាបាន​បង្ក​ឱ្យ​មាន​ភាព​ចលាចល ​និង​ការ​បង្ក្រាបពី​ប៉ូលិស នៅ​កណ្តាល​ទីក្រុង​ញូវយ៉កកាលពីថ្ងៃសុក្រ​។ ហ្វូងមនុស្សប្រហែល ២,០០០ នាក់ បានទៅជួបជុំគ្នានៅ Union Square Park ដើម្បីរង់ចាំឧបករណ៍ PlayStation 5 ដោយឥតគិតថ្លៃពីលោក Kai Cenat ប៉ុន្តែវាបានក្លាយទៅជាចលាចល ដែលមានទាំងអំពើហិង្សា ការបំផ្ទុះកាំជ្រួច ការគប់ដបទឹក ឬអំបែងដបជាដើម។

ប៉ូលីសបានជំរុញឱ្យប្រជាជនជៀសវាងទីតាំងដែលមានចលាចល ខណៈមានរថភ្លើងក្រោមដីមួយចំនួនបានឆ្លងកាត់ចំណត Union Square អំឡុងពេលកើតហេតុនោះ។ មនុស្សបានប្រមូលផ្តុំគ្នាជាលើកដំបូងនៅម៉ោងប្រហែល ១៣:០០ នាទី ម៉ោងក្នុងស្រុក បន្ទាប់ពីលោក Cenat បានបង្ហោះសារនៅលើបណ្ដាញសង្គម ដែលមានអ្នកតាមដានជាង ១០ លាននាក់ របស់គាត់ថា គាត់នឹងចែកចាយ PlayStation 5 ចំនួន ៣០០គ្រឿង។ ត្រឹមម៉ោង ១៥:០០នាទី មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅតាមផ្លូវជុំវិញចំណតរថភ្លើងដ៏មមាញឹកបំផុតរបស់ទីក្រុងញូវយ៉ក។ ពួក​គេ​បាន​ឡើង​រថយន្ត និង​ដំបូល​ច្រក​ចូល​ស្ថានីយ​រថភ្លើង ហើយ​បាន​គប់​ដប​ទឹក ឬអំបែងដប ដាក់​ប៉ូលិស​ដែល​កំពុងឈរជើងនៅទីនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: