សមត្ថកិច្ច បំភ្លឺចំពោះគណនីហ្វេសប៊ុកមួយ ដែលត្រូវបានកម្លាំងជំនាញ ស្ទាក់ចាប់ឡាន បង្កឱ្យមានការភ្ញាក់ផ្អើល នៅមុខអាគារព្រីនកាលពីយប់មិញ
- August 5, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចេញរបាយការណ៍បំភ្លឺ និងឆ្លើយតបនឹងគណនីហ្វេសប៊ុកឈ្មោះ Vy Lo Ve កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ដោយបានបង្ហោះខ្លឹមសារថា៖

នាងខ្ញុំសូមស្នើរដល់ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ជួយរកយុត្តិធម៌ឲ្យកូនស្រីនឹងរូបនាងខ្ញុំផង នៅវេលាម៉ោងប្រហែល 10:30នាទីយប់ នៅមុខអាគារព្រីនជិតអគ្គស្នងការដែលមានកម្លាំងប្រដាប់អាវុធមួយក្រុមប្រហែលជាពីរទៅបីឡានបានកាក់ឡាននាងខ្ញុំនៅមុខអាគារព្រីន ហើយបានយកកាំភ្លើងខ្លីមកភ្ជង់ក្បាលកូនស្រីខ្ញុំនិងនាងខ្ញុំដោយមិនដឹងមូលហេតុ ហើយបានស្រែកបង្ខំអោយខ្ញុំឡើងឡានចូលទៅអគ្គស្នងការ ដល់ពេលនាងខ្ញុំសួររកហេតុផលថានាងខ្ញុំខុសអ្វី បែរជាមិនប្រាប់នាងខ្ញុំហើយនាំគ្នាឡើងឡានទៅបាត់ នេះជាទង្វើដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនាងខ្ញុំក៏ដូចជាក្រុមគ្រួសារនាងខ្ញុំជាខ្លាំង។ សូម ឯកឧត្តម អគ្គស្នងការជួយរកយុត្តិធម៌ឱ្យកូនខ្ញុំនឹងនាងខ្ញុំផង ដោយក្តីគោរព។
មន្ទីរប្រឆាំងគ្រឿងញៀន សូមគោរពរាយការណ៍ជូន ឯកឧត្តមមេត្តាជ្រាបថា ពាក់ព័ន្ធករណីនេះ កម្លាំងជំនាញ នៃមន្ទីរប្រឆាំង គ្រឿងញៀន បានបន្តការស៊ើបអង្កេតរកមុខសញ្ញាពាក់ព័ន្ធក្នុងករណីដឹកជញ្ជូនគ្រឿង ញៀនឆ្លងដែន ដែលបង្ក្រាបបានកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងរឹបអូស វត្ថុតាងគ្រឿងញៀនជាង ៧៨៩គីឡូក្រាម។ លុះនៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញ យើងបានប្រទះរថយន្ត ១គ្រឿង ដែលមុខសញ្ញាគ្រឿងញៀនធ្លាប់ជិះ កម្លាំងជំនាញ យើងក៏បានឃាត់រថយន្តនោះ ពេលពិនិត្យឃើញថាមិនមែនជាមុខសញ្ញា។ ម្ចាស់រថយន្តប្រាប់ថា រថយន្តនេះគាត់ធ្លាប់បានជួលអោយជនជាតិចិន។
បន្ទាប់មកកម្លាំងយើងក៏បានសុំទោសម្ចាស់រថយន្ត និងអនុញ្ញាតអោយគាត់ធ្វើដំណើរបន្តទៅទៀត។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត មេត្តាជ្រាប និងសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់៕


ប្រភព៖ Anti-Drug Department
- Share This Post:






