ព័ត៌មានជាតិ

រដ្ឋាករទឹកខេត្តបាត់ដំបង បញ្ជាក់ថា ទឹកស្ទឹងសង្កែរងនូវការបំពុល និងទឹកមានប្រែពណ៌ប្លែកខុសធម្មតា

BY
Khmernote Media
August 7, 2023

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋាករទឹកខេត្តបាត់ដំបងបានចេញសេចក្តីបញ្ជាក់ កាលពីថ្ងៃទី០៤ ខែសីហាថា ដោយបានទទួលព័ត៌មានតាមបណ្តាញសង្គមចែករំលែកតៗគ្នា គិតត្រឹមនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ អង្គភាពរដ្ឋាករ ទឹកខេត្តបាត់ដំបងបានដុតដៃដុតជើង ចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៃប្រភពទឹកធ្វើផលិតកម្មនៅស្ទឹងសង្កែជាលទ្ធផលបានពិនិត្យឃើញថាទឹកស្ទឹងសង្កែ ពិតជាបានទទួលរងនូវការបំពុលពិតប្រាកដមែន។

អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបងបានបញ្ជាក់បន្ថែមតាមផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនបន្ថែមថា ដើម្បីដោះស្រាយបញ្ហាប្រឈម នៃការបំពុលប្រភពទឹកខាងលើរដ្ឋាករទឹក បានចាត់តាំងក្រុមអ្នកបច្ចេកទេសផ្នែកត្រួតពិនិត្យគុណភាពទឹកនៅតាមបន្ទប់ពិសោធន៍ឲ្យនៅប្រចាំការតាមដានត្រួតពិនិត្យគុណភាពទឹកជាប្រចាំ ។

គិតត្រឹមម៉ោងនេះ ស្ថានភាពគុណភាពទឹកមានការប្រែពណ៌ប្លែកខុសពីធម្មតា ប៉ុន្តែចំពោះគុណភាពទឹកស្អាតវិញ នៅតែរក្សាបានគុណភាពល្អ អនុលោមតាមស្តង់ដាគុណភាពទឹកស្អាតរបស់អង្គភាពនៅឡើយ។ រដ្ឋាករទឹកបានបន្ថែមថា សូមអតិថិជននិងប្រជាពលរដ្ឋ សូមកុំមានការបារម្ភ បើមានការប្រែប្រួលគុណភាពទឹកយ៉ាងណា អង្គភាពរដ្ឋាករទឹកបាត់ដំបង នឹងធ្វើការជូនដំណឹងនៅពេលក្រោយ។

សូមបញ្ជាក់ថាប្រជាពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងសង្កែនាផ្នែកខាងក្រោមទំនប់ទឹកពហុបំណង សេកសក បានឱ្យដឹងថាឃើញមានទឹកពណ៌ខ្មៅលាយសារធាតុគីមីហូរចេញពីរោងចក្រចិនមួយ ចូលស្ទឹងសង្កែនៅម្តុំស្ទឹងថ្វាក ឃុំរតនមណ្ឌលស្រុករតនមណ្ឌលនាព្រឹកថ្ងៃទី០២ ខែសីហា បណ្តាលឱ្យត្រីងាប់ អណ្តែត ទឹកជាច្រើនក្បាល ដែលធ្វើឱ្យពួកគាត់មានការព្រួយ បារម្ភពីការប្រើប្រាស់ទឹក ។ សូមរម្លឹកថា កាលពីចុងខែឧសភា ឆ្នាំ២០២១ ក៏មានលិចធ្លាយសារធាតុពុលចូលទឹកស្ទឹងសង្កែម្តងហើយ ដែលសង្ស័យហូរចេញពីរោងចក្ររបស់ក្រុមហ៊ុនចិនមួយនៅស្រុករតនមណ្ឌលនេះ ធ្វើឱ្យទឹកស្ទឹងប្រែពណ៌ និងមានជាតិពុល បណ្តាលឱ្យត្រីងាប់ជាច្រើនផងដែរ ។

ពេលនោះតាមការពិនិត្យទៅលើសំណាកទឹកស្ទឹងសង្កែដោយមន្ទីរ ពិសោធន៍នៃក្រសួងបរិស្ថានរកឃើញថា មានសារធាតុអាស៊ីដនៅ ក្នុងទឹកដែលតាមការស្រាវជ្រាវគឺសង្ស័យមានការលេចធ្លាយហូរ ចេញពីក្រុមហ៊ុនឈ្មោះហ្វីនិកអ៊ិនដាស្រ្ទៀល (Phoenix Industrial) ស្ថិតនៅស្រុករតនមណ្ឌលខេត្ត បាត់ដំបង ដែលផលិតសារធាតុរក្សាពណ៌ និងផលិតផលផ្សេងៗ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: