អន្តរជាតិ

នាវាទំនើបតម្លៃ ៦៥០ លានដុល្លារមួយគ្រឿង ដែលសង្ស័យថាជារបស់លោក វ្ល៉ាឌីមៀ ពូទីន កំពុងស្ថិតក្រោមការជួសជុលនៅអ៊ីតាលី

BY
autoadmin
August 7, 2023

បើយោងតាម Business Insider បានរាយការណ៍ថា នាវាទំនើបមួយគ្រឿងដែលមានទំនាក់ទំនងជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងត្រូវបានគេជួសជុលឡើងវិញនៅក្នុងកំពង់ផែអ៊ីតាលី ទោះបីជាត្រូវបានឃាត់កាលពីឆ្នាំមុន ក្រោមការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបក៏ដោយ។ ក្រុមហ៊ុន Italian Sea Group SpA បាននិយាយថា ក្រុមការងាររបស់ខ្លួនកំពុងជួសជុលនាវា Superyacht Scheherazade ដែលមានប្រវែង ៤៥៩ ហ្វីត ហើយបានបន្ដែមថា ម្ចាស់នាវាបានបង់ប្រាក់សម្រាប់ការជួសជុល និងការថែទាំ ប៉ុន្តែបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែម រួមទាំងអត្តសញ្ញាណរបស់ម្ចាស់នាវានោះទេ។

រំលឹកផងដែរថា ទីភ្នាក់ងារព័ត៌មាន Bloomberg ធ្លាប់បានរាយការណ៍កាលពីឆ្នាំមុនថា អាជ្ញាធរសហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមមហាសេដ្ឋីរុស្សី (Russian oligarch) ចំពោះការក្លែងធ្វើជាម្ចាស់ជំនួសមុខ (ដើម្បីលាក់អត្តសញ្ញាណម្ចាស់ពិត) ឱ្យនាវាតម្លៃ ៦៥០ លានដុល្លារមួយនេះ ហើយថា នាវានេះគឺមានទាក់ទងជាមួយនឹងលោក វ្ល៉ាឌីមៀ ពូទីន។

ជាក់ស្ដែង ក្រុមរបស់មេដឹកនាំប្រឆាំងរុស្ស៊ី Alexei Navalny បានបង្ហាញភស្តុតាង កាលពីក្នុងខែមីនា ឆ្នាំ២០២២ ថានាវាទំនើប Scheherazade ដែលចតនៅកំពង់ផែ Marina di Carrara ក្នុងតំបន់ Tuscany របស់អ៊ីតាលី ត្រូវបាននាំមកដោយមនុស្សដែលធ្វើការឱ្យទីភ្នាក់ងារទទួលបន្ទុកសន្តិសុខរបស់លោក ពូទីន។ ប្រទេសអ៊ីតាលីធ្លាប់បានបញ្ជាឱ្យមានការហាមឃាត់ទុកនាវានេះ​ កាលខែឧសភា ឆ្នាំ២០២២ ដោយនិយាយថា វាមានទំនាក់ទំនងជាមួយថ្នាក់កំពូលរបស់រដ្ឋាភិបាលរុស្ស៊ី ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប៕

អត្ថបទ៖ លីដា
ប្រភព៖ Business Insider

Share This Post: