ក្រសួងអប់រំ ត្រៀមរួចជាស្រេចចំពោះវិធានការដោះស្រាយសម្រាប់សាលារៀនរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង
- August 7, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមរួចជាស្រេចនូវវិធានការដោះស្រាយសម្រាប់សាលារៀនរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដើម្បីត្រៀមលក្ខណៈ អន្តរាគមន៍ទៅលើកត្តាចាំបាច់ដែលធានាបានសុវត្ថិភាព និងការអប់រំរបស់សិស្សានុសិស្ស។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្រសួងអប់រំ នៅតែបន្តយកចិត្តទុកដាក់កម្រិតខ្ពស់ តាមដានស្ថានភាពធម្មជាតិ ដោយយោងទៅលើការព្យាករណ៍ឧតុនិយមផ្លូវការ និងទិដ្ឋភាពផ្ទាល់នៅមូលដ្ឋាន។ ក្រសួងអប់រំ មានក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ ដែលបានបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដូចឆ្នាំកន្លងមកដែរ ជាពិសេសជាមួយគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍ទៅលើកត្តាចាំបាច់តាមលទ្ធភាពជាក់ស្តែង។
ឯកឧត្តមបន្ដថា ក្រសួងអប់រំ នៅតែបន្តស្វាគមន៍កិច្ចសហការវិជ្ជមានពីសំណាក់គ្រប់ភាគីពាក់ព័ន្ធលើវិធានការទប់ស្កាត់ និងការឆ្លើយតបលើផលជះពីគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងតាមគ្រឹះស្ថានសិក្សា។ «ដូចឆ្នាំកន្លងមកដែរ វិធានការដោះស្រាយសម្រាប់សាលារៀនរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងគឺ សិស្សានុសិស្សអាចទៅរៀននៅសាលារៀនក្បែរខាង ឬ នៅទីតាំងផ្សេងដែលមានសុវត្ថិភាព អមដោយយន្តការគាំទ្រការសិក្សាផ្សេងៗ»។ ឯកឧត្តម បានបន្ដទៀតថា ក្រសួងអប់រំ សូមអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតានិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការប្រុងប្រយ័ត្ននារដូវភ្លៀងនេះ ក្នុងការបន្តថែទាំសុខភាពនិងរក្សាសុវត្ថិភាព។ សូមមាតាបិតាបន្តប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមការពារមិនឱ្យកូនលង់ទឹក។
សូមគ្រប់ភាគីពាក់ព័ន្ធបន្តអនុវត្តវិធានការសុវត្ថិភាពសុខភាពទាំងអស់គ្នាឱ្យចៀសផុតពីការឆ្លងរោគា និងគ្រោះថ្នាក់នានា។ សិស្សានុសិស្សទាំងអស់ត្រូវបន្តខិតខំរៀនសូត្រក្នុងថ្នាក់និងរៀនខ្លួនឯងបន្ថែម ព្រមទាំងស្តាប់ដំបូន្មានពីសំណាក់មាតាបិតា។ ក្រៅពីការបន្តរៀនសូត្រ សិស្សានុសិស្សទាំងអស់ត្រូវបន្តរក្សាសុខភាព, គោរពច្បាប់ចរាចរណ៍, និងចៀសវាងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់និងបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត។
ឯកឧត្តម អ្នកនាំពាក្យក្រសួងអប់រំ បានបន្ថែមថាគិតត្រឹមរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ យោងតាមរបាយការណ៍ដែលក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ ទទួលបានពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តទូទាំងប្រទេស សាលារៀនសរុបចំនួន០៧ ផ្អាកដំណើការជាបណ្តោះអាសន្តដោយសារជំនន់ទឹកភ្លៀង គឺខេត្តរតនគិរី មានសាលារៀនចំនួន០៦ និងខេត្តកំពង់ធំ មានសាលារៀនចំនួន០១៕


ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






