ព័ត៌មានជាតិ

អត្តពលិកនគរបាលកម្ពុជា ឈ្នះមេដាយ៧១គ្រឿងពីព្រឹត្តិការណ៍​​​​កីឡានគរបាល​ពិភពលោក នៅប្រទេសកាណាដា

BY
Khmernote Media
August 7, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អត្តពលិកនគរបាលក្រសួងមហាផ្ទៃកម្ពុជា ដណ្តើមបានមេដាយមាស ប្រាក់ និង​សំរឹទ្ធ​សរុបចំនួន ៧១ គ្រឿង នៅក្នុងការប្រកួតកីឡានគរបាល និងកងពន្លត់​អគ្គិភ័យ​ពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា ខណៈព្រឹត្តិការណ៍ពិភពលោក​មួយ​នេះបានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។

នៅក្នុងចំណោម១៣ប្រភេទកីឡានៃក្រុមអត្តពលិកនគរបាលកម្ពុជា ក្នុងព្រឹត្តិ​ការណ៍​ពិភពលោកនេះ គឺកម្ពុជាដណ្តើមបានមេដាយសរុប ៧១គ្រឿងលើ១២​ប្រភេទកីឡា ដោយក្នុងនោះប្រភេទកីឡាចំបាប់កាច់ដៃ មេដាយមាស៧ ប្រាក់២ និងសំរឹទ្ធ ២ (សរុប១១គ្រឿង), ហែលទឹក មេដាយមាស ៦ ប្រាក់៦ និងសំរឹទ្ធ៣ (សរុប១៥គ្រឿង), កីឡាជឺជីតស៊ូ មេដាយមាស ៦ ប្រាក់២ (សរុប៨គ្រឿង), ចំបាប់ មេដាយមាស ៣ ប្រាក់ ៨ និងសំរឹទ្ធ១ (សរុប១២គ្រឿង), ការ៉ាតេ មេដាយមាស ៣ ប្រាក់៣ និងសំរឹទ្ធ២ (សរុប៨គ្រឿង), វាយកូនឃ្លីលើតុ មេដាយមាស២ ប្រាក់៣ (សរុប ៥គ្រឿង), វាយសី មេដាយមាស២ គ្រឿង, លើកទម្ងន់ Bench Press មេដាយមាស ២គ្រឿង, លើកទម្ងន់ (Push Pull Lifting)មេដាយមាស១គ្រឿង, បាល់​ទះ​ក្នុងសាល មេដាយមាស១គ្រឿង, យូដូ មេដាយប្រាក់ ៤ និងសំរឹទ្ធ១គ្រឿង ខណៈ​ប្រភេទកីឡាបាល់ទះឆ្នេរខ្សាច់ ដណ្តើមបានមេដាយប្រាក់១គ្រឿង។

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានការ​អនុញ្ញាត ព្រមទាំងការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនា​យក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាល​ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួង​មហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សា​កីឡាក្រសួង​មហាផ្ទៃបានដឹកនាំប្រតិភូកីឡាជានគរបាលជាតិកម្ពុជា សរុបចំនួន ៤៩នាក់​បាន​ធ្វើដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យ​ពិភព​លោក(World Police & Fire Games) ដែលតែងប្រារព្វធ្វើឡើងរៀងរាល់ ២ឆ្នាំម្តង និងមានអត្តពលិក ដែលជានគរបាលមកពីបណ្តាប្រទេសជាង ៧០នៅ​ជុំវិញពិភពលោកតែងតែបានមកចូលរួម ហើយសម្រាប់ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍​ប្រកួតបានប្រារព្ធធ្វើឡើងនៅទីក្រុង Winnipeg ប្រទេសកាណាដា។

ចំពោះគោលបំណងនៃការរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើង គឺដើម្បីបង្ហាញ​ពី​សាមគ្គីភាព សមត្ថភាព និងទេពកោសល្យរបស់នគរបាលនៃបណ្តាប្រទេស​នីមួយៗ ក៏ដូចជាការផ្លាស់ប្តូរ និងចែករំលែកនូវបទពិសោធន៍​លើវិស័យកីឡាពី​គ្នាទៅវិញទៅមកផងដែរ ដែលកម្មវិធីប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែកក្កដា ដល់​ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។ កម្ពុជាបានបញ្ជូនអត្តពលិកជានគរបាល​ជាតិទៅ​ចូលរួមប្រកួតចំនួន ១៣ប្រភេទកីឡារួមមាន៖ កីឡាវាយសី, យូដូ, ជឺជីតស៊ូ, ការ៉ាតេ, ហែលទឹក, វាយកូនឃ្លីលើតុ, បាល់ទះក្នុងសាល, បាល់ទះឆ្នេរខ្សាច់, ចំបាប់, ចំបាប់​កាច់ដៃ , វាយកូនគោល, លើកទម្ងន់Bench Press និងកីឡាលើកទម្ងន់សរុប​ទាំង​អស់ស្មើនឹង៧៦វិញ្ញាសា។

គួរបញ្ជាក់ថាក្រុមប្រតិភូកីឡាករ កីឡាការិនីនគរបាលកម្ពុជា ដឹកនាំដោយ​ឯកឧត្តម សរ សិទ្ធិ នឹងធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ នាវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ច្រក VIP ហើយនឹងមានធ្វើសន្និសីទសារព័ត៌មានមួយ មុនរៀបចំក្បួនដង្ហែអបអរសាទរនៅ​តាម​​ដង​ផ្លូវសំខាន់ៗចេញពីអាកាសយានដ្ឋានអន្តរជាតិឆ្ពោះមករង្វង់​មូលវិមាន​ឯករាជ្យ និងចុងក្រោយបញ្ចប់នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: