ព័ត៌មានជាតិ

បុរសម្នាក់រើសបានដុំថ្មម្យ៉ាង ដែលអះអាងថាជាកម្អួតត្រីបាឡែន ស្ថិតនៅឆ្នេរជំទាវម៉ៅ ក្រុងព្រះសីហនុ ត្រូវបានមន្ត្រីជំនាញយកទៅធ្វើតេស្តDNA ដើម្បីបញ្ជាក់ការពិត

BY
Khmernote Media
August 8, 2023

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៨ ខែសីហា​ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ មានបណ្តាញសារព័ត៌មាន បានចុះផ្សាយពីករណីបុរសម្នាក់រើសបានដុំថ្មម្យ៉ាង ដែលបានលើកឡើងថាជាកម្អួតត្រីបាឡែន ស្ថិតនៅចំណុចឆ្នេរជំទាវម៉ៅ-ដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឱ្យធ្វើការទំនាក់ទំនង និងចុះដល់ទីតាំងរស់នៅរបស់បុរសខាងលើ ដើម្បីអញ្ជើញសាមីខ្លួនមកខណ្ឌរដ្ឋបាលជលផលដើម្បីធ្វើការសាកសួរ និងត្រួតពិនិត្យដុំដែលគាត់អះអាងថាជាកម្អួតត្រីបាឡែននោះ។ ជាមួយគ្នានេះ មន្ត្រីជំនាញបានកាត់យកសំណាកដើម្បីបញ្ជូនទៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ដើម្បីកំណត់អត្តសញ្ញាណតាមរយៈការធ្វើតេស្ត DNA បញ្ជាក់ការពិត។ ចំពោះលទ្ធផលនៃការធ្វើតេស្ត រដ្ឋបាលខេត្តព្រះសីហនុ នឹងធ្វើការជូនដំណឹងនៅពេលបន្ទាប់។

សូមបញ្ជាក់ផងដែរថា បុរសខាងលើនេះ មានឈ្មោះ ឡី ប្រុស អាយុជាង ៣៧ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅ ឃុំទឹកថ្លា ស្រុកព្រៃនប់ បច្ចុប្បន្នរស់នៅ(កែងសេតេ) សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

Share This Post: