នគរបាលរាជធានីភ្នំពេញ បញ្ជូនលោកឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាសនិងបក្ខពួក១៤នាក់ទៅតុលាការ ខណៈប្រជាពលរដ្ឋរងគ្រោះជាង ១០០គ្រួសាររងការចាញ់បោកបានទៅដាក់ពាក្យបណ្តឹងបន្ថែម
- August 9, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ បានចាប់បញ្ជូនឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាសនិងបក្ខពួកសរុប ១៤នាក់ បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់ពីបទល្មើស ០៣ករណី ខណៈដែលនៅថ្ងៃនេះផងដែរប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ១០០គ្រួសារមកពីខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ចាម បាននាំគ្នាមកដាក់ពាក្យបណ្តឹងទៅប្រធានក្រុមហ៊ុនពិភពដីមាសបន្ថែមទៀត ដោយការចាញ់បោកអស់ប្រាក់រាប់ម៉ឺនដុល្លារ បន្ទាប់ពីទិញដីឡូត៍ពីក្រុមហ៊ុនពិភពដីមាសជាថ្នូរទទួលបានភាគលាភប្រចាំខែពី ៤៥០ដុល្លារ ទៅ៧៥០ដុល្លារក្នុង០១ខែ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងថា៖កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌចាប់ខ្លួនជនសង្ស័យឈ្មោះ ហ៊ី គឹមហុង ភេទប្រុស អាយុ ៤១ឆ្នាំ ប្រកបមុខរបប្រធានក្រុមប្រឹក្សាភិបាលនិងជាម្ចាស់ក្រុមហ៊ុនពិភពដីមាស បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៥២ដេ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងបក្ខពួកសរុប ១៤នាក់ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមអនុវត្តតាមដីការបស់តុលាការរាជធានីភ្នំពេញ ក្រោយមានប្រជាពលរដ្ឋចំនួន ១៨គ្រួសារ បានដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្តឹងចោទប្រកាន់ប្រធានក្រុមហ៊ុនខាងលើ និងបក្ខពួកមួយចំនួនទៀតពីបទឆបោកមានស្ថានទម្ងន់ទោសលើទឹកប្រាក់ចំនួន ៣៨ម៉ឺន ៧ពាន់ ២០០ដុល្លារ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រាប់ឱ្យដឹងទៀតថា៖ ប្រាក់ខាងលើ គឺមានប្រជាពលរដ្ឋ ១៨គ្រួសារបានទិញដីឡូត៍ក្នុងតម្លៃ ០១ឡូត៍ ១ម៉ឺន៤ពាន់ដុល្លារទៅ២ម៉ឺនដុល្លារ ហើយតំណាងក្រុមហ៊ុនក៏បានជូនពួកគាត់ជាប្រជាពលរដ្ឋយកប្លង់ដីផ្ទះដែលកំពុងរស់នៅ យកទៅដាក់បញ្ចាំនៅធនាគារនិងមីក្រូហិញ្ញវត្ថុ។ ក្រោយពីទទួលបានប្រាក់កម្ចីពីធនាគារនោះហើយតំណាងក្រុមហ៊ុនក៏នាំពួកគាត់យកប្រាក់ទាំងនោះយកមកឱ្យក្រុមហ៊ុនពិភពដីមាស បន្ទាប់មកតំណាងក្រុមហ៊ុនក៏យកតារាងបែងចែកភាគលាភ ៣ភាគរយប្រចាំខែចាប់ពី ៣០០ដុល្លាររហូតដល់ ៩៦០ដុល្លារក្នុង០១ខែ ហើយមិនតែប៉ុណ្ណោះក្រុមហ៊ុនក៏បានសន្យាថាក្រោយពីក្រុមហ៊ុនបង់ប្រាក់ភាគលាភបានចំនួន ២៤ខែរួចហើយនឹងទទួលទិញដីឡូត៍នោះវិញក្នុងតម្លៃដដែល។បន្ទាប់មកមានប្រជាពលរដ្ឋខ្លះទទួលបានប្រាក់ប្រចាំខែមួយចំនួនទៅតាមកិច្ចសន្យា។ លុះដល់ខែមេសាឆ្នាំ២០២៣ ខាងក្រុមហ៊ុនខកខានបង់ប្រាក់ឱ្យប្រជាពលរដ្ឋ ហើយយកលេសកុហកថាថ្ងៃនេះថ្ងៃនោះទើបបង់ប្រាក់ជូន រហូតដល់សព្វថ្ងៃនេះ។
បើតាមប្រជាពលរដ្ឋរងគ្រោះប្រាប់ឱ្យដឹងថា៖ ពួកគាត់ត្រូវបានមេខ្យល់នៅក្នុងភូមិអះអាងជាតំណាងក្រុមហ៊ុនពិភពដីមាសអូសទាញឱ្យយកប្លង់ដីផ្ទះ ទៅបញ្ចាំធនាគារ យកប្រាក់អ្នកខ្លះ១ម៉ឺន៤ពាន់ដុល្លារ ខ្លះទៀត២ម៉ឺទៅ៣ម៉ឺនដុល្លារ ដើម្បីទៅទិញដីឡូត៍ពីក្រុមហ៊ុនពិភពដីមាសដែលមានទីតាំងនៅផ្លូវជាតិ៥២ ខេត្តកំពង់ស្ពឺ ហើយតំណាងក្រុមហ៊ុនបានលួងលោមនិយាយថាបងប្អូនមិនបាច់រកស៊ីអីទៀតទេរងចាំបើកប្រាក់ប្រចាំខែពីក្រុមហ៊ុនក្នុងម្នាក់ៗទទួលបាន០១ខែពី៤៥០ដុល្លារឡើងទៅ ហើយក្រុមហ៊ុននឹងទទួលទិញដីនេះវិញក្រោយក្រុមហ៊ុនបង់ប្រាក់ទៅប្រជាពលរដ្ឋរយៈពេល២ឆ្នាំ។
ចំណែកប្រធានក្រុមហ៊ុនពិភពដីមាសបានប្រាប់ឱ្យដឹងថា៖កន្លងមកក្រុមហ៊ុនបានបង់ប្រាក់ឱ្យប្រជាពលរដ្ឋបានមួយចំនួនហើយដែរ ប៉ុន្តែដោយបញ្ហាកត្តាសេដ្ឋកិច្ចធ្លាក់ចុះក្រុមហ៊ុនក៏បានខកខានមិនបានបង់ប្រាក់ជូនប្រជាពលរដ្ឋទៅតាមកិច្ចសន្យា ហើយលោកសន្យាថានឹងដោះស្រាយឱ្យរួចរាល់នៅអំឡុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ប៉ុន្តែនៅក្នុងករណីដែលលោកមិនត្រូវបានជាប់ពន្ធនាគារ។
សូមបញ្ជាក់ថា កម្លាំងនគរបាលរាជធានីភ្នំពេញបង្រ្កាបចាប់ខ្លួនលោកឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាស និងបក្ខពួកធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ អនុវត្តតាមដីការបស់តុលាការ ខណៈដែលកម្លាំងសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនលោកឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាសនៅចំណុចភូមិត្រពាំងថ្លាន់ សង្កាត់ពង្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ស្រាប់តែអង្គរក្សរបស់លោកឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាសចេញមករារាំងសមត្ថកិច្ចហើយបានតដៃជាមួយសមត្ថកិច្ចបង្កឱ្យសមត្ថកិច្ចមួយចំនួនរងរបួសផងដែរ។ ជនសង្ស័យឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាស និងបក្ខពួក ត្រូវបានរងការចោទប្រកាន់ពីបទ១៖ អំពើឆបោកមានស្ថានទម្ងន់ទោស, ២៖បទញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ និង៣៖ ពីបទសំអាតប្រាក់៕





ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ
- Share This Post:






