ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ សូមអរគុណភរិយាជាទីស្រឡាញ់ ដែលបានចិញ្ចឹមកូនដ៏កំសត់មួយនេះ ក្នុងពេលវេលាដ៏លំបាកបំផុតរហូតគេក្លាយជាមេដឹកនាំកំពូលរបស់ជាតិ នាពេលនេះ

BY
Khmernote Media
August 9, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណភរិយាជាទីស្រឡាញ់ ដែលបានចិញ្ចឹមកូនដ៏កំសត់មួយនេះ ក្នុងពេលវេលាដ៏លំបាកបំផុតរហូតគេ ក្លាយជាមេដឹកនាំកំពូលរបស់ជាតិនាពេលនេះ។

តាមរយៈខ្លឹមសារសំណេរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មីសម្រាប់ដឹកនាំប្រទេស បន្ទាប់ពីខ្ញុំសម្រេចដកខ្លួនចេញដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ ពិនិត្យតាមពេលវេលា ខ្ញុំជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក។

បើគិតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដែលខ្ញុំចាកចេញពីដំណែងតាមផ្លូវច្បាប់ និងគិតពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជាថ្ងៃដែលសភាបោះឆ្នោតផ្តល់ការទុកចិត្តខ្ញុំជានាយករដ្ឋមន្ត្រីផ្លូវការ ខ្ញុំបានកាន់ដំណែងជានាយករដ្ឋមន្ត្រីចំនួន៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ ត្រូវជា៤៦៣ខែ ២០១៤សប្តាហ៍ និងចំនួន ១៤ ០៩៩ថ្ងៃ។

ប្រសិនបើគិតពីការងារក្នុងរដ្ឋាភិបាល ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្នុងមុខតំណែងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រីស្តីទី និងជានាយករដ្ឋមន្ត្រីត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខ្ញុំធ្វើការបាន៤៤ឆ្នាំ ៧ខែ ១៤ថ្ងៃត្រូវជា ៥៣៥ខែ ២ ៣២៨សប្តាហ៍ និង ១៦ ២៩៧ថ្ងៃ។

ពេលនេះខ្ញុំបន្តជានាយករដ្ឋមន្ត្រី១៣ថ្ងៃទៀត បន្ទាប់ទៅខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង។ មិនទាន់ចប់ត្រឹមនេះទេ ខ្ញុំនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះខ្ញុំនឹងបំពេញការងារជាងកន្លះសតវត្សរ៍។ សូមអរគុណភរិយាជាទីស្រឡាញ់ ដែលបានចិញ្ចឹមកូនដ៏កំសត់មួយនេះ ក្នុងពេលវេលាដ៏លំបាកបំផុតរហូតគេ ក្លាយជាមេដឹកនាំកំពូលរបស់ជាតិ នាពេលនេះ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Share This Post: