អន្តរជាតិ

ភឿថៃរកបានគណបក្សចំនួន ៦ បន្ថែមទៀតដាក់ទៅក្នុងសម្ព័ន្ធចម្រុះ ក្រោយការចាកចេញរបស់គណបក្សឆ្ពោះទៅមុខ

BY
autoadmin
August 9, 2023

យោងតាមការចុះផ្សាយរបស់ The Nation Thailand នៅថ្ងៃពុធ ទី០៩ ខែសីហា បានរាយការណ៍ថា គណបក្សភឿថៃរកបានគណបក្សចំនួន ៦ បន្ថែមទៀតដាក់ទៅក្នុងក្រុមសម្ព័ន្ធចម្រុះ ដែលធ្វើឱ្យខ្លួនមានសំឡេងគាំទ្រភាគច្រើននៅក្នុងសភាតំណាងរាស្ត្រ។ ការ​ពិភាក្សា​ជាមួយ​ដៃគូ​ចម្រុះ​ថ្មី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សភា ​ដើម្បី​ចៀសវាង​ការ​ប្រឈម​មុខ​នឹង​ក្រុម​បាតុករ។ គណបក្សចំនួន ៦ ដែលបានចូលរួមជាមួយក្រុមសម្ព័ន្ធចម្រុះដែលមានភឿថៃជាប្រធាន រួមមាន៖ Prachachart, Seri Ruam Thai, Pheu Thai Ruam Palang, Palang Sangkhom Mai, The Party of Thai Counties និង Chart Pattana Kla។

ការពិតទៅគណបក្ស Prachachart, Seri Ruam Thai, Pheu Thai Ruam Palang និង Palang Sangkhom Mai ក៏ជាផ្នែកមួយនៃក្រុមចម្រុះដំបូង ដែលដាក់បញ្ចូលគ្នាដោយគណបក្សឆ្ពោះទៅមុខ។ ទោះបីជាគណបក្សទាំង៨ របស់ក្រុមសម្ព័ន្ធចម្រុះ មានត្រឹមតែ ២២៨ អាសនៈក្នុងសភា ដែលមានសរុប ៥០០ អាសនៈក៏ដោយ មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បានបញ្ជាក់ជាថ្មីថា ក្រុមសម្ព័ន្ធចម្រុះនឹងមានការគាំទ្រយ៉ាងតិច ២៥១ អាសនៈ ដែលធ្វើឱ្យពួកគេមានសំឡេងច្រើន និងច្បាស់លាស់ ដើម្បីអាចបង្កើតរដ្ឋាភិបាលថ្មីបាន។ ជាមួយគ្នានេះ គណបក្សភឿថៃបានប្រកាសថា សមាជិកបន្ថែមទៀតនឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗ ខណៈខ្លួនគ្រោងនឹងជួបពិភាក្សានៅថ្ងៃស្អែកជាមួយ Chart Thai Pattana ដែលមាន ១០ អាសនៈ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: